(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ បានលើកឡើងថា ផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលការងារ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ហៅកាត់ថា ក.ជ.ក ឃើញថា សមាជិក-សមាជិកា និងថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានទាំងអស់ បានបំពេញភារកិច្ចទទួលបាន លទ្ធផលល្អប្រសើរតាមតួនាទី និងភារកិច្ច។
លោក រដ្ឋមន្រ្តីបានបន្ថែមថា ទន្ទឹមនឹងទទួលបានលទ្ធផលល្អប្រសើរជុំវិញការលើកកម្ពស់កុមារនៅកម្ពុជានាពេលនេះ សមាជិក ក.ជ.ក ទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងក្លាទៀត ក្នុងការដាក់ បញ្ចូលបញ្ហាកុមារ ទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន ដើម្បីឆ្លើយតប ទៅនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងតម្រូវការជាក់ស្តែងរបស់កុមារ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណ់លោកចូលរួមជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញារបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារលើកទី៦ ស្តីពីការបូកសរុប លទ្ធផលការងារ ឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
បញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំខាងលើនេះ លោកស្រី ញ៉ោប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារកន្លងមក បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ និងបំពេញសិទ្ធិនានារបស់កុមារ ស្របតាមរដ្ឋធម្មនុញ្ញា និងគោលការណ៍នីតិរដ្ឋ។លោកស្រី បានបន្តថា តាមរយៈកិច្ចការនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំនូវផែនការគោលដៅ យុទ្ធសាស្រ្តចំនួន៤ រួមមាន ទី១ ពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងរបាយការណ៍ស្តីពីស្ថានភាពកុមារ ទី២ ពង្រឹងយន្តការការពារកុមារ ទី៣ លើកកម្ពស់ការយល់ដឹង និងទាក់ទាញមតិគាំទ្រ និងទី៤ បង្កើនសមត្ថភាពស្ថាប័ន និងភាពជាដៃគូ។
លោកស្រី ញ៉ោប សុភាពបានបន្ថែមថា តាមរយៈផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំសម្រាប់អនុវត្ត ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីរាជរដ្ឋាភិបាល និងអង្គការដៃគូជាតិ និងអន្តរជាតិ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
ជាការឆ្លើយតប លោក វង សូត បានលើកឡើងថា កិច្ចប្រជុំនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍បង្កើនកិច្ចសហការរវាងក្រសួង ស្ថាប័នរបស់សមាជិក ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្នុងការឆ្លើយតបនឹងសេចក្តីត្រូវការរបស់កុមារ ហើយកិច្ចប្រជុំនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់រួមគ្នា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិកុមារនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ ពិធីបើកកិច្ចប្រជុំសាមញ្ញារបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារលើកទី៦ ស្តីពីការបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានសមាជិក-សមាជិកា និងថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋាន ចូលរួមជិត១០០នាក់៕