(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖៣៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បានប្រកាសសាលដីកាស្ថាពរដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ា មិនឱ្យមានការប្តឹងសារទុក្ខ។
កាលពីសីហា ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ ណុល នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។ ប៉ុន្តែដោយមិនអស់ចិត្ត ជនជាប់ចោទ នួន ជា និង លោក ខៀវ សំផន បានប្តឹងសាទុក្ខ ដើម្បីប្រឆាំងនឹងសាលក្រមនោះ ជាបន្តបន្ទាប់រហូតដល់ ពេលនេះ។
លោក ហ៊ុន ម៉ានី បានសាទរចំពោះការសម្រេចរបស់តុលាការកំពូលនៃអ.វ.ត.ក ដែលផ្តន្ទាទោស លោក នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត ហើយបិទផ្លូវតវ៉ា។ លោកបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃប្រវត្ថិសាស្រ្តរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជនរងគ្រោះនៅសម័យប៉ុល ពត។ តំណាងឲ្យយុវជនវ័យក្មេង និងជាកូនចៅជំនាន់ក្រោយ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កូនចៅជំនាន់ក្រោយកម្ពុជា គួរតែដឹងឲ្យច្បាស់ពីថ្ងៃប្រវត្ថិសាស្រ្តមួយនេះ ហើយក៏ត្រូវចង់ចាំឲ្យបានគ្រប់ៗគ្នា។
លោក សុខ សូកាន តំណាងរាស្រ្តវ័យក្មេង នៅមណ្ឌលខេត្តតាកែវ ក៏បានសម្តែងការសាទរ និងគាំទ្រ ចំពោះការសម្រេចរបស់តុលាការ។ លោកថា ការសម្រេចបែបនេះគឺពិតជាត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ជនរគ្រោះទាំងអស់។ លោកថា នេះជាការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋទូទៅប្រទេស ហើយក៏ជាពេលវេលាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាផងដែរ។ ទោះបីជា កូនចៅជំនាន់ក្រោយ មិនបានកើតទាន់សម័យ ប៉ុល ពត និងរស់នៅក្នុងសម័យដ៏ លំបាកវេទនា រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប៉ុន្តែកូនចៅជំនាន់ក្រោយ ក៏ត្រូវតែដឹងពីការប្រកាសសាលដីកាស្ថាពរនេះផងដែរ៕