(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបងស្តីទី លោក ជាម ច័ន្ទសោភ័ណ អមដំណើរដោយអភិបាលរងខេត្ត បានដឹកនាំមន្រ្តីរាជការ កងកម្លាំង សិស្សនិស្សិត ក្នុងខេត្ត ដើររើសសម្រាមនៅទីកន្លែងសាធារណៈនានាដើម្បីសម្អាតទីក្រុង ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកាឆ្នាំ២០១៦ ។

ការប្រារព្ធទិវានេះ បានធ្វើឡើងនៅសួននាគសន្តិភាពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ដោយមានការរៀបចំដោយនិងសហការជាមួយ
មន្ទីរបរិស្ថានខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តស្តីទីបានសំណេះសំណាល ក្នុងអង្គពិធីនិងរំលឹកពីការភាពចាំបាច់បំផុត ដែលយើងទាំងអស់គ្នាត្រូវនាំគ្នាធ្វើដោយ មិនអាចខានបាន គឺនាំគ្នាសម្អាតទីក្រុង ក៏ដូចជានៅតាមជនបទ និងតាមផ្ទះនានារបស់ប្រជាពលរដ្ឋយើង ។ ព្រោះការអនុវត្តជាប្រចាំនូវអនាម័យបរិស្ថាននេះ វានាំមកនូវសុខភាពល្អសម្រាប់យើងទាំងអស់គ្នាផង និង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានមកទស្សនាទីក្រុងស្អាតយើងផង ស្របពេលដែលខេត្តបាត់ដំបង បានទទួលពានរង្វាន់ទីក្រុងស្អាតរំដួល៣ទងជាប់ៗគ្នាកន្លងមកនេះ។

បន្ទាប់ពីបានសំណេះសំណាល ក្នុងទិវាអនាម័យបរិស្ថានជាតិ ចប់គណអធិបតីបានបានដឹកនាំ មន្រ្តីរាជការចូលរួមទាំងអស់ដើររើសសម្រាម នៅតាមទីកន្លែងសាធារណៈនានា ក្នុងក្រុងបាត់ដំបង ដោយមានការបែងចែក ជាផែនគោលដៅរៀងៗខ្លួនជាកិច្ចបញ្ចប់កម្មវិធី៕