(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបន្ដសកម្មភាពចុះពន្យល់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបញ្ហាប្រឈមផ្សេងៗ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបររថយន្តក្រុមហ៊ុន «កម្ពុជា អាសីុទេសចរណ៍ រថយន្តទំនើបមេគង្គអេចប្រេស្ស» ដែលមានអាស័យដ្ឋាផ្ទះលេខ២០២០ ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រមាណ៤០នាក់។

​លោក ប៉ែន ឃុន ដែលមានបទពិសោធន៍លើការដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ រាប់សិបឆ្នាំនោះ បានថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់នូវ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរួចមកនោះ នគរបាលចរាចរណ៍ទាំងអស់ នៅរាជធានីភ្នំពេញ ក្រោមការណែនាំរបស់ស្នងការ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្កើន និងអនុវត្តច្បាប់ចរាចរណ៍ តាមដងផ្លូវកាន់តែមានប្រសិទ្ធភាព ដូច្នេះសកម្មភាពទាំងនេះ នឹងបង្ខំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ហើយចូលរួមគោរពបានគ្រប់គ្នាៗ។

លោក ប៉ែន ឃុន បានថ្លែងបន្តទៀតថា «ចំពោះបងប្អូន​ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេល ធ្វើដំណើរម្តងៗ ពីព្រោះនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ នឹងជួបផលលំបាកយ៉ាងច្រើនដូចជា ត្រូវប្រឈមការផាកពិន័យ ហើយបើធ្ងន់ធ្ងរត្រូវនឹងត្រូវឃាត់ខ្លួន បញ្ជូនទៅតុលាការទៀតផង»។

លោកនាយរងការិយាល័យ ក៏បានសង្កត់ធ្ងន់ ដល់អ្នកបើករថយន្តបស់ក្រុមហ៊ុនទាំង៤០នាក់ លើការប្រើជាតិអាល់កុល ដែលជាកត្តាដ៏សំខាន់មួយនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយជាពិសេស ទៀតនោះ គឺពុំមានភ្ញៀវហ៊ានជិះជាមួយនោះទេ។

ជាចុងក្រោយ នាយរងការិយាល័យចរាចរណ៍រូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាៗ ដើម្បីជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គម របស់យើង៕