(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា សូមប្រជាពលរដ្ឋ ដែលមានបញ្ហាជុំវិញជំងឺភ្នែក សូមប្រញាប់ មកទទួលការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ពីពេទ្យជំនាញៗខាងឯកទេសភ្នែក មកពីប្រទេសអ៊ីស្រាអែល នៅមន្ទីរពេទ្យព្រះអង្គឌួងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា «កាលពីថ្ងៃទី២១-២២ ខែវិច្ឆិកា ប្រជាពលរដ្ឋ បានមកពិិនិត្យព្យាបាលផ្នែក ប្រមាណ៥០០នាក់ ដោយអ្នកវះកាត់ភ្នែកមានចំនួនគឺ ៦៧នាក់ ដែលមកទទួលសេវាកម្មវះកាត់ភ្នែក ពីគ្រូពេទ្យជំនាញរបស់អ៉ីស្រាអែល ដែលសហការជាមួយពេទ្យយើងប្រើប្រាស់ក៏មាននូវឧបករណ៍ទំនើបៗ ជាច្រើនគ្រឿងទៀត សម្រាប់ធ្វើការវះកាត់។
លោក Simon Roded ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា មានទីស្នាក់ការនៅទីក្រុងបាងកកបានថ្លែងថា ការសហការរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអ៊ែល គឺមានសារសំខាន់ណាស់ ក៏ដូចជាការផ្លាស់ប្តូរ នូវបទពិសោធន៍លើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ។ គម្រោងនេះ ផ្តោតលើការងារមនុស្សធម៌ គឺជាលើកទី០១ហើយ សម្រាប់ក្រុមគ្រូពេទ្យ ដែលមានឈ្មោះថា ជំរុំព្យាបាល ភ្នែកអ៊ីស្រាអែល មកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យព្យាបាលជម្ងឺភ្នែក វះកាត់ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា។
លោកបន្ដថា «ទោះនេះជាគម្រោងទី១ ដែលគ្រូពេទ្យឯកទេសភ្នែក មកពិនិត្យ និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋកម្ពុជា តែមិនមែនមានន័យថា លើកចុងក្រោយទេ គឺយើងនឹងមានលើកក្រោយៗទៀត ដើម្បីពង្រឹងវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ហើយកាលពីកន្លងទៅប្រទេសយើងក៏បានផ្ដល់ការសិក្សាជ្រាវស្រាវ ក្នុងវិស័យកសិកម្ម ដល់និស្សិតកម្ពុជាជាច្រើនរយនាក់ផងដែរ ទៅសិក្សានៅប្រទេសយើងផងដែរ»។
ទន្ទឹមនឹងនោះ លោក ជូ យិនស៊ីម រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណ ដល់ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំកម្ពុជា និងក្រុមគ្រូពេទ្យ ដែលបានចុះមកព្យាបាលភ្នែកជូនប្រជាជនកម្ពុជា និងបណ្ដុះបណ្ដាល ក៏ដូចជាផ្ដល់បទពិសោធន៍ដល់បុគ្គលិកមន្ទីរពេទ្យ ហើយលោកក៏បានស្នើសុំឲ្យប្រទេសមួយនេះ បន្ដជួយទាំងវិស័យសុខាភិបាល រួមទាំងវិស័យផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ថា ប្រទេសអ៉ីស្រាអែល បានចុះមកពិនិត្យ ព្យាបាលវៈកាត់ភ្នែក ជូនប្រជាពលរដ្ឋកម្ពុជា ចំនួន១០ថ្ងៃនេះ នឹងធ្វើការបណ្តុះបណ្តាល ដល់បុគ្គលិកសុខាភិបាល និសិ្សតឯកទេសផង។ សព្វថ្ងៃនេះ មនី្ទរពេទ្យព្រះអង្គឌួង បានផ្តល់សេវាព្យាបាលទូទៅជូនប្រជាពលរដ្ឋ (ភ្នែក ត្រចៀក ចម្រុះ បំពង់ក និងសម្ពព) ក្នុង០១ថ្ងៃ មានប្រជាពលរដ្ឋប្រមាណ៥០០នាក់ មកទទួលការពិនិត្យ ក្នុងនោះមាន៤០នាក់ ទទួលការវៈកាត់ព្យាបាល៕