(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្តីខ្មែរក្រហម បាននិងកំពុង ប្រកាសសាលដីកាស្ថាពរ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ សាលដីកានេះ នឹងបិទផ្លូវតវ៉ាចំពោះ លោក នួន ជា និង លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមក្នុងការប្តឹងសារទុក្ខ។
កាលពីសីហា ឆ្នាំ២០១៤ ជនជាប់ចោទ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តឡើងកាលពីអំឡុងខែមេសា ឆ្នាំ១៩៧៥ ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងការផ្លាស់ទីដោយបង្ខំ រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការក្នុងសម័យ លន់ ណុល នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់។
ប៉ុន្តែដោយមិនអស់ចិត្ត ជនជាប់ចោទ នួន ជា និង លោក ខៀវ សំផន បានប្តឹងសាទុក្ខ ដើម្បីប្រឆាំងនឹងសាលក្រមនោះ ជាបន្តបន្ទាប់រហូតដល់ពេលនេះ៕