(ភ្នំពេញ)៖ លោក ជួប សុគន្ធ នាយនគរបាលសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ Fresh News ភ្លាមៗមកវិញថា ករណីផ្ទុះអាវុធមួយគ្រាប់ នាព្រឹកទៀបភ្លឺថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺផ្តើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង និងម៉ូតូ ហើយខាងភាគីរថយន្តបានបើករត់ មិនទទួលខុសត្រូវ។

លោក ជួប សុគន្ធ ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា៖ «ករណីនេះ គឺភាគីម៉ូតូ ដែលមានគ្នា៣នាក់ មិនមែនជាក្មេងស្ទាវនោះទេ បានប៉ះពៀរជាមួយ ភាគីរថយន្តមួយគ្រឿងទៀត ហើយក្រោយពេលកើតនោះ ស្រាប់តែខាងរថយន្តបើករត់ ធ្វើឲ្យខាងម៉ូតូ បើកដេញតាមពីក្រោយ ដោយបើកបញ្ច្រាស់ផ្លូវលេខ៥១ ពីត្បូងទៅជើង ហើយក៏ប៉ះដៃចង្កូតគ្នា ក៏បណ្តាលឲ្យដួល ហើយមានការផ្ទុះអាវុធតែម្តង»។ នាយនគរបាលប៉ុស្តិ៍រូបនេះ បានបញ្ជាក់ទៀតថា នៅពេលផ្ទុះអាវុធនោះក៏បានបណ្តាលផ្លាតចំ ស្រ្តីម្នាក់រើសអេតចាយ ដែលកំពុងដេកតាមផ្លូវរងរបួសផងដែរ។

នាយនគរបាលប៉ុស្តិ៍បន្តថា នៅពេលនេះកម្លាំងនគរបាលរបស់លោក កំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីមានវិធាន​ការតាមច្បាប់ ពីព្រោះនាំឲ្យមានអ្នករងរបួស។

ប្រជាពលរដ្ឋរស់នៅម្តុំកើតហេតុបាន​និយាយប្រាប់ភ្នាក់ងារ Fresh News ថា មានករណីក្មេងស្ទាវ​ដេញបាញ់គ្នា គ្រាប់កាំភ្លើងផ្លាតចំស្រ្តីម្នាក់រងរបួស ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ កន្លែងរងរបួសត្រូវចំក្រោមក្លៀកខាងស្តាំ ធ្លាយចេញតាមឆ្អឹងជំនីខាងក្រោយ។ ប្រជាពលរដ្ឋបាននិយាយថា ចំណែកម៉ាករថយន្ត និងម៉ូតូ ដែលក្មេងស្ទាវដេញបាញ់ប្រហារគ្នា គឺមិនបានដឹងទេ។ ហេតុការណ៍ជិះបាញ់ប្រហារ​គ្នានេះកើតឡើង ចេញពីចំណុចក្បែរ​វត្តលង្កា នៅតាមបណ្តោយ​ផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះដោយសារគ្រាប់កាំភ្លើងមានឈ្មោះ រុំ ភឿន អាយុ៤៩ឆ្នាំ ជាស្រ្តីរើសអេតចាយ ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យកាល់​ម៉ែតភ្លាមៗ ក្រោយ​កើតហេតុ៕

ក្មេងស្រីនេះជាកូនស្រ្តីរងគ្រោះដោយសារគ្រាប់កាំភ្លើង