(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវជាថ្ងៃទី៨២នៃការចុះឈ្មោះបោះឆ្នោត សល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចុះឈ្មោះបោះឆ្នោត នឹងត្រូវបញ្ចប់, សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា!
សូមជំរាបថា គិតត្រឹមថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ដែលទៅចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសកម្ពុជាបានកើនដល់ជាង៧.៤លាននាក់ បើគិតជាភាគរយស្មើនឹងជាង៧៦ភាគរយ នេះបើតាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ពីការចុះឈ្មោះបោះឆ្នោតថ្មីនេះឲ្យបានកាន់តែទូលំទូលាយ អង្គភាពព័ត៌មាន Fresh News សូមលើក យកនូវកម្រង សំណួរ-ចម្លើយចំនួន៧ ដើម្បីស្រាយចម្ងល់នានា ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ ដោយដកស្រង់ចេញ ពីខិត្តប័ណ្ណស្តីពី ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ របស់គ.ជ.ប។
១៖ តើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅនៅពេលណា? កន្លែងណា?
ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
២៖ ដើម្បីចុះឈ្មោះបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរទាំង២ភេទ ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?
* មានសញ្ជាតិខ្មែរ
* មានអាយុ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
- មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត
- មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត
- ពុំមែនជាជនវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពី ក្រសួងស្ថាប័នមានសមត្ថកិច្ច។
៣៖ ដើម្បីចុះឈ្មោះបោះឆ្នោត តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេច?
* ត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីកន្លែងណាមួយក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅតាមការកំណត់របស់ គ.ជ.ប
* បង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើការចុះឈ្មោះបោះឆ្នោត ដល់ក្រុមចុះឈ្មោះបោះឆ្នោត
* មានសិទ្ធិបោះឆ្នោត និងបំពេញបានតាមលក្ខខណ្ឌ នៃការចុះឈ្មោះបោះឆ្នោត
* មិនទាន់បានចុះឆ្នោត ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។
៤៖ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហើយ ប៉ុន្តែអាសយដ្ឋានក្នុងអត្តសញ្ញាប័ណ្ណផ្សេងពីលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនសុំចុះឈ្មោះ តើត្រូវធ្វើដូចម្តេចដើម្បីចុះឈ្មោះបោះឆ្នោតបាន?
សាមីខ្លួនសុំចុះឈ្មោះ ត្រូវនាំមកនូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើម ដែលមានបញ្ជាក់ការស្នាក់នៅឃុំ សង្កាត់ ដើម្បីសុំចុះឈ្មោះបោះឆ្នោត។
៥៖ ចុះប្រសិនបើសាមីខ្លួនពុំមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារទៀតនោះ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវទៅជួបអាជ្ញាធរឃុំ សង្កាត់ ដោយនាំមកជាមួយនូវសាក្សី១រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ជាមួយដើម្បីសុំលិខិតបញ្ជាក់ទីលំនៅ សម្រាប់សុំចុះឈ្មោះបោះឆ្នោត។
៦៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរ ពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្តេចដែរ?
សាមីខ្លួនត្រូវមកបង្ហាញខ្លួន ដោយផ្ទាល់ចំពោះមុខអាជ្ញាធរឃុំ សង្កាត់ ដើម្បីសុំឯកសារបញ្ជាក់ អត្តសញ្ញាបម្រើឲ្យការចុះឈ្មោះ បោះឆ្នោត ដោយនាំមកនូវ៖
* សំបុត្រកំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្រកំណើតច្បាប់ដើម ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម ឬសេចក្ដីចម្លងសំបុត្របញ្ជាក់ កំណើតច្បាប់ដើម ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ តាមការទាមទារសញ្ជាតិរបស់ជនបរទេស ឬព្រះរាជក្រឹត្យផ្ដល់សញ្ជាតិដោយ សញ្ជាតូបនីយកម្មដល់ជនបរទេស ឬសាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថា សាមីខ្លួននោះកើតពីឪពុកឬម្ដាយដែលមាន សញ្ជាតិខ្មែរ ឬឯកសារភស្ដុតាងផ្លូវការ ដែលបញ្ជាក់ថា សាមីខ្លួនកើតមកពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ។
* សាក្សី២រូបដែលមានសិទ្ធិបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ពិតប្រាកដក្នុងឃុំ-សង្កាត់ជាមួយ។
* រូបថតទំហំ ៣ x ៤ ចំនួន២សន្លឹក។
៧៖ តើប្រជាពលរដ្ឋ ឬកម្មករ និយោជិត សិស្ស និស្សិត មន្រ្តីរាជការ នាយឬពលនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ និងបព្វជិត សាសនា ដែលកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ អាចសុំចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នោះបានដែរ ឬទេ?
អ្នកកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយ សុទ្ធតែអាចសុំចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះបានឲ្យតែសាមីខ្លួនបំពេញ បានត្រឹមត្រូវបានលក្ខខណ្ឌសម្រាប់ ការចុះឈ្នោះឆ្នោតដូចបានរៀបរាប់ខាងលើ។
បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរប្រភេទថ្មី ឬចាស់ អាចសុំចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ បាន៕