(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតល្បីៗ បានមកជួបជុំគ្នា ដើម្បីធ្វើការពន្យល់ណែនាំ ដល់ក្រុមគ្រូពេទ្យ ក៏ដូចជាមហាជនទូទៅ តាមរយៈបណ្ដាញសារព័ត៌មាន ក្នុងពិធីសន្និសីទកាសែតមួយ ធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ឲ្យជ្រូតជ្រាបកាន់តែច្បាស់ ពីការប្រើប្រាស់ថ្នាំផ្សះ និងភាពស៊ាំរបស់មេរោគ ឬវីរុស ជាមួយនឹងថ្នាំផ្សះ ដែលបណ្ដាលឲ្យមានផលវិបាក នៅក្នុងការព្យាបាលជំងឺទូទៅ ខណៈដែលបងប្អូនប្រជាពលរដ្ឋភាគច្រើន តែងតែយល់ច្រឡំថា ការប្រើប្រាស់ថ្នាំផ្សះច្រើន អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់ជីវិត។
លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ជំនាញខាងផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយអំពីបញ្ហាភាពស៊ាំ ឬអង់ទីវីយូទិច ជាមួយនឹងថ្នាំផ្សះ គឺជាបញ្ហាអាទិភាព ដ៏ចំបងមួយ ដែលត្រូវការទាមទាឲ្យមានការចូលរួម គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពុំសូវមានការយល់ដឹង អំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ។ កត្តាសំខាន់ដែលត្រូវលើកយកមក បង្ហាញនៅពេលនេះ គឺមានពីរ ទី១ គឺកត្តាមហាជន ព្រោះតែការយល់ដឹងរបស់មហាជនយើងសព្វថ្ងៃ នៅមានកម្រិត មិនបានទូលំទូលាយ ពោលនៅពេលគាត់ឈឺម្ដងៗ តែងតែទាមទារឲ្យ គ្រូពេទ្យ ឬឱសថការី ផ្សំថ្នាំផ្សះឲ្យគាត់លេប ដើម្បីឆាប់ជាសះស្បើយ ហើយពេលដែលគាត់លេប មានអាការធូរស្បើយ អ្នកជំងឺតែងគិតថា ជំងឺក្នុងខ្លួនបានជាសះ ដោយមិនបានដឹងថា វិរុស ឬបាក់តេរី កំពុងតែបំលែងខ្លួនស៊ាំនឹងថ្នាំផ្សះ ហើយក៏មិនបានអនុវត្តន៍តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ លេបថ្នាំឲ្យគ្រប់ចំនួននោះឡើយ។ បញ្ហានេះ ធ្វើឲ្យមេរោគមានភាពស៊ាំ ជាមួយនឹងថ្នាំផ្សះ ហើយបង្កើតឲ្យមានវិរុសផ្សេងៗទៀតក្នុងខ្លួន ពិបាកព្យាបាលនៅពេលលើកក្រោយៗទៀត និងចម្លងដល់អ្នកដទៃ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ចំណែកកត្តាទី២ គឺគ្រូពេទ្យ ឬឱសថការី ដែលបានបើកពិនិត្យ ឬព្យាបាលជំងឺតាមអាការរោគ ហើយមានមួយចំនួន តែងតែឲ្យថ្នាំផ្សះដល់អ្នកជំងឺលេបតែម្ដង ដើម្បីឆាប់ជា ដោយមិនបានពិនិត្យ ឬតាមដានអ្វីស្ថានភាពឡើយ។ មួយវិញទៀត គ្រូពេទ្យឲ្យថ្នាំផ្សះ តាមការទាមទាររបស់អ្នកជំងឺ ព្រោះដើម្បីឲ្យអ្នកជំងឺសប្បាយចិត្ត និងឆាប់ជាសះស្បើយ តែមិនបានដឹងថា នឹងមានផលវិបាកនៅថ្ងៃក្រោយនោះទេ។ លោកវេជ្ជបណ្ឌិតពន្យល់ថា សព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា ពុំមានដេតាទិន្នន័យ ច្បាស់លាស់អំពីវិរុសថា មានប៉ុន្មានប្រភេទនោះទេ ពោលគឺយើងគិតតាមដេតាទិន្នន័យ របស់ប្រទេសជិតខាង ដូច្នេះនេះក៏ជាបញ្ហាមួយ ដែលយើងមិនបានដឹងថា តើនៅក្នុងប្រទេសយើង មានវិរុសប៉ុន្មានប្រភេទ ហើយអ្វីខ្លះ ?
លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា នៅពេលមេរោគនៅក្នុងខ្លួន មានភាពស៊ាំជាមួយនឹងថ្នាំផ្សះ វានឹងបង្កើត ឬវិវឌ្ឍន៍ឲ្យមានមេរោគផ្សេងៗទៀត ជ្រាតចូលពេញរាងកាយ ដូចជាសួត បេះដូង ថ្លើម ប្រព័ន្ធដង្ហើម និងអាវៈយេវៈផ្សេងៗទៀត ដែលធ្វើឲ្យរាងកាយបាត់បង់តុល្យភាព ហើយវិវឌ្ឍន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ បង្កឲ្យអ្នកជំងឺស្លាប់បាន។ ការព្យាបាលជំងឺឆ្លង គឺត្រូវប្រើប្រាស់ថ្នាំផ្សះ ឲ្យត្រឹមត្រូវដើម្បីសម្លាប់មេរោគ កុំឲ្យមេរោគនោះត្រឡប់មកវិញ។
ដោយឡែក លោកស្រីឱសថបណ្ឌិត ស្រី វិសូរ ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកុមារជាតិ បានថ្លែងឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកជំងឺមកពិនិត្យ និងព្យាបាលជាច្រើន ហើយយើងក៏ទទួលបាន ការពិសោធន៍មួយចំនួន ដើម្បីស្វែងរកវិរុសនៅក្នុងខ្លួន តាមរយៈការបណ្ដុះកោសិកា ក្នុងខួរឆ្អឹងខ្នង ការបណ្ដុះលាមក និងការបណ្ដុះខ្ទុះ ជាដើម។ ពេលណាយើងរកឃើញវិរុសហើយ យើងបន្តរកភាពស៊ាំ ឬអង់ទីវិយោទិច នៃរោគសញ្ញាទាំងនោះ។ ក្នុងមន្ទីរពិសោធន៍ យើងបានប្រទះឃើញ នូវបាក់តេរីជាច្រើន ហើយភាពស៊ាំនៃថ្នាំផ្សះ ជាមួយបាក់តេរី បានការកើនឡើង ធ្វើឲ្យយើងមានការបារម្ភយ៉ាងខ្លាំង។
លោកស្រីវេជ្ជបណ្ឌិតបន្តថា ដើម្បីបង្កា និងទប់ស្កាត់កុំឲ្យមានការឆ្លងនូវវិរុស ឬបាក់តេរី ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺនៅពេលដែលមន្ទីរពិសោធន៍រកឃើញថា មានភាពស៊ាំជាមួយនឹងថ្នាំផ្សះ គឺទី១ អ្នកជំងឺត្រូវមានអនាម័យ ត្រូវសំអាតដៃឲ្យបានស្អាត។ ទី២អ្នកជំងឺត្រូវស្ដាប់តាមការណែនាំ របស់គ្រូពេទ្យ ឬវេជ្ជបញ្ជា ដើម្បីទទួលបានការព្យាបាល ឲ្យបានត្រឹមត្រូវ។
យ៉ាងណាមិញ ក្រុមវេជ្ជបណ្ឌិតមាន លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ជំនាញខាងផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យកាល់ម៉ែត,លោកស្រីឱសថបណ្ឌិត ស្រី វិសូរ ប្រធានមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកុមារជាតិ, លោកស្រី ហែម សុភ័ក្រ សាស្ដ្រាចារ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងលោកវេជ្ជបណ្ឌិត អាឆារីយ៉ា សូឌឹប ប្រធានកិច្ចការត្រួតពិនិត្យពេទ្យនៃ ក្រុមហ៊ុន GSK បានសង្កត់ធ្ងន់រួមគ្នាថា ដើម្បីទប់ស្កាត់ភាពស៊ាំរបស់វិរុស ឬបាក់តេរីជាមួយថ្នាំផ្សះ កុំឲ្យរីករាយដាលក្នុងខ្លួនអ្នកជំងឺ និងចម្លងទៅដល់អ្នកដទៃ ឬធ្វើឲ្យវិរុសរីកឡើង បន្ថែមក្នុងខ្លួនអ្នកជំងឺ ចូរអ្នកទាំងអស់គ្នា ត្រូវតែមានការយល់ដឹងពីតួនាទីថ្នាំផ្សះ ឲ្យបានត្រឹមត្រូវ ហើយអនុវត្តន៍តាមវេជ្ជបញ្ជា របស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន។ ម្យ៉ាវិញទៀត ក្រុមហ៊ុន GSK បានបង្កើននូវវេទិកាយល់ដឹងជាច្រើន ដើម្បីផ្សព្វផ្សាយអំពីថ្នាំផ្សះ ការណែនាំ តាមឱសថស្ថាន និងការធ្វើការសិក្សាស្រាវជ្រាវភាពស៊ាំថ្មីៗ បន្ថែមទៀត ក្នុងន័យប្រើប្រាស់ថ្នាំផ្សះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់អតិថិជន៕