(ភ្នំពេញ)៖ សកម្មភាពពលរដ្ឋអាមេរិក គាំទ្រអ្នកស្រីហាឡារីគ្លីនតុន នាំគ្នាធ្វើបាតុកម្មប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត ដែលផ្ដល់ជ័យជំនះទៅអោយលោក ដូណាល់ ត្រាំរហូតមកដល់ពេលនេះគឺហាក់ដូចជាស្ងប់ស្ងាត់វិលទៅរកភាពប្រក្រតីឡើងវិញហើយ បន្ទាប់ពីពួកគេនាំគ្នាប្រើហិង្សា ហើយរដ្ឋាភិបាលរបស់លោក អូបាម៉ា បញ្ជាអោយធ្វើការបង្ក្រាបយ៉ាងចាស់ដៃរួចមក។
តាមការអង្កេត តាំងពីរដ្ឋាភិបាលរបស់លោក អូបាម៉ា បញ្ជាអោយបង្ក្រាបបាតុកម្មប្រឆាំងលទ្ធផលឆ្នោតយ៉ាងចាស់ដៃ ក្រោយបាតុករបាននាំគ្នាប្រើហឹង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនយ៉ាងអនាធិបតេយ្យបង្កអោយមានរបួសស្នាម និងត្រូវចាប់ខ្លួនជាច្រើនរយនាក់មក គេសង្កេតឃើញថានៅជុំវិញពិភពលោក ហាក់ដូចជាមិនសូវមានបណ្ដាប្រទេសនានាឬអង្គការសិទ្ធិមនុស្ស និងអង្គការអន្តរជាតិផ្សេងៗទៀតនាំ គ្នាបញ្ចេញប្រតិកម្មឬចេញសេចក្ដីថ្លែងការថ្កោលទោស ចំពោះចំណាត់ការរបស់រដ្ឋការអូបាម៉ានោះឡើយ និយាយរួមគឺស្ងាត់ជ្រាបទុកអោយសមត្ថកិច្ច របស់រដ្ឋាភិបាលអាមេរិកចាត់ការទៅលើបាតុករតាមចិត្ត។
តាមពិតចំណាត់ការទៅលើបាតុករដែលនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ ឬប្រឆាំងនឹងអ្វីមួយដែលខ្លួនមិនពេញចិត្ត តែបាននាំ គ្នាប្រើហិង្សាហួសពីព្រំដែនទៅជាបង្កភាពអនាធិបតេយ្យធ្វើអោយប្រទេសជាតិមានភាពជ្រួលច្របល់ គឺរដ្ឋាភិបាលនៃប្រទេសនោះត្រូវតែធ្វើការ ទប់ស្កាត់ និងបង្ក្រាបដើម្បីកុំអោយប្រទេសជាតិធ្លាក់ចូលទៅក្នុងភាពមហន្តរាយ។ ប៉ុន្តែការបង្ក្រាបបាតុកម្មខុសច្បាប់ ការបង្ក្រាបបាតុកម្មហិង្សា ឬការបង្ក្រាបកុបកម្មនៅបណ្ដាប្រទេសមួយចំនួន រដ្ឋាភិបាលនៃប្រទេសខ្លះទទួលបានការថ្កោលទោស ទទួលការរិះគន់ តែរដ្ឋាភិបាលខ្លះ ទោះបីជាកំលាំងរដ្ឋាភិបាលបង្ក្រាបបាតុករប្រើហិង្សាក្នុងរូបភាពឃោរឃៅក៏ដោយ តួយ៉ាងដូចជាសកម្មភាពបង្ក្រាបបាតុកម្មយ៉ាងចាស់ដៃនៅសហរដ្ឋ អាមេរិកនាពេលថ្មីៗនេះជាឧទាហរណ៍ស្រាប់ គឺស្ងាត់ជ្រាបទាំងអង្គការសិទ្ធិមនុស្ស ទាំងបណ្ដាលប្រទេសជាច្រើនទៀត រហូតដល់ប្រព័ន្ធផ្សព្វផ្សាយ ជាដើមក៏មានការផ្សព្វផ្សាយតិចតួចបំផុត សូម្បីតែអង្គការសិទ្ធិមនុស្ស អង្គការសង្គមសុីវិល និងប្រព័ន្ធផ្សព្វផ្សាយចាយលុយបរទេសខ្លះនៅកម្ពុជា ក៏ស្ងាត់មាត់ដូចគេយកឆ្នុកចុកដែរ។ តែបើគេក្រឡេកមកមើលកម្ពុជាឯណេះវិញ កន្លងមកកុំថាឡើយបង្ក្រាប សូម្បីតែសមត្ថកិច្ចរារាំងបាតុកម្មសោះ ក៏ពួកសិទ្ធិមនុស្ស ក្រុមសង្គមសុីវិលមួយចំនួនរួមទាំងប្រព័ន្ធផ្សព្វផ្សាយចាយលុយបរទេសទាំងអស់នោះ នាំគ្នាស្រែកថ្កោលទោស កងរំពង រហូតដល់មានបុគ្គលដែលតែងតាំងខ្លួនឯងជាអ្នកវិភាគឯករាជ្យនោះបាននាំគ្នាចេញមកវិភាគផ្កាប់មួយអាទិត្យទៀតក៏មិនទាន់អស់ការវិភាគរបស់ខ្លួនដែរ។
តាមពិតការបង្ក្រាបកុបកម្ម ការបង្ក្រាបបាតុកម្មហិង្សាអនាធិបតេយ្យវាជាករណីចាំបាច់នៅបណ្ដាប្រទេសណាក៏គេចាត់ការដែរ ដើម្បីស្ដារស្ថានការ ប្រទេសកុំអោយធ្លាក់ទៅក្នុងស្ថានភាពវឹកវរមួយ ដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន។ ដូច្នេះការបង្ក្រាបយ៉ាងចាស់ដៃទៅបាតុកម្មប្រើហិង្សាប្រឆាំង នឹងលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិកពេលនេះ ក៏វាមិនខុសពីការបង្ក្រាបបាតុកម្មយ៉ាងចាស់ដៃទៅលើអ្នកគាំទ្រគណបក្សប្រឆាំងនាំគ្នាធ្វើ បាតុកម្មហិង្សាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៣ប៉ុន្មាននោះឡើយ តែខុសគ្នាត្រង់ការថ្កោលទោសមានស្តង់ដារទ្វេប៉ុណ្ណោះ ដោយការបង្ក្រាបនៅកម្ពុជាទទួលបានការថ្កោលទោស តែការបង្ក្រាបនៅសហរដ្ឋអាមេរិកទទួលបានការស្ងាត់មាត់ជ្រាបទៅវិញ...៕