(សៀមរាប)៖ ក្រៅពីការងារអភិរក្សជួសជុលបេតិកភណ្ឌ ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឧទ្យានអង្គរឲ្យបានល្អប្រសើរ ក៏ជាភារកិច្ចដ៏សំខាន់មួយទៀតក្នុងឧទ្យានអង្គរ។ ក្នុងកិច្ចការនេះ អាជ្ញាធរជាតិអប្សរាបានចាប់ដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពង្រឹងកម្មវិធីអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ ដូចជា ទេសចរណ៍ សិប្បកម្ម អប់រំសុខភាព និងអនាម័យជាដើម។
គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំងកំពុងតែមមាញឹកលើការងារអប់រំប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ។
ជាក់ស្តែងនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីជំនាញបានចុះទៅបណ្តុះបណ្តាលប្រជាពលរដ្ឋនៅភូមិរហាល និងស្រះស្រង់ខាងជើង ស្ថិតនៅសង្កាត់នគរធំ ក្រោមប្រធានបទ «ការទប់ស្កាត់និងការចម្លងរោគ»។ កម្មវិធីនេះបង្ហាញប្រជាពលរដ្ឋអំពីមូលហេតុដែលបង្កឲ្យប្រភពទឹកអាចកខ្វក់បាន និងការទប់ស្កាត់កុំឲ្យមានបញ្ហាទឹកកខ្វក់កើតឡើងក្នុងសហគមន៍ ជាដើម។ ជាពិសេសបង្ហាញអំពីវិធីងាយៗក្នុងការរក្សាអនាម័យ ដែលប្រជាពលរដ្ឋអាចយកទៅអនុវត្តបានយ៉ាងល្អនៅតាមផ្ទះរៀងៗខ្លួន។
លោក ភៀង ពៅ មេភូមិរហាលដែលបានអញ្ជើញមកចូលរួមកម្មវិធីនេះបានបញ្ជាក់ថា លោកពិតជាគាំទ្រនូវកម្មវិធីនេះណាស់។ «ខ្ញុំសង្កេតឃើញថា ប្រជាពលរដ្ឋបានយល់ដឹងច្រើន។ ខ្ញុំឃើញគាត់រៀបរូបដែលក្រុមការងារដាក់ជូនសាកល្បងទៅ ឃើញថា គាត់រៀបត្រូវនិងពន្យល់គ្នាគាត់បានយ៉ាងល្អទៀតផង។ ខ្ញុំរីករាយនឹងសហការជាមួយក្រុមការងារនៃអាជ្ញាធរជាតិអប្សរាក្នុងការបណ្តុះបណ្តាលនេះ សម្រាប់កម្មវិធីក្រោយៗទៀត»។
អ្នកស្រី ប៉ុក សារិន អាជីវករលក់ដូរនៅភូមិរហាល ក៏បានសម្តែងនូវអារម្មណ៍រីករាយដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ។ «ខ្ញុំចាប់អារម្មណ៍ជាងគេ គឺការសម្អាតអនាម័យ។ ក្រោយពីរៀនហើយ ខ្ញុំនឹងយកទៅអនុវត្តក្នុងផ្ទះខ្ញុំ ជួយពន្យល់ប្តីខ្ញុំ កូនខ្ញុំឲ្យរៀនសម្អាតអនាម័យឲ្យបានល្អដែរ»។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះបញ្ជាក់ថា គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) កំពុងអនុវត្តនូវកម្មវិធីអនាម័យទឹកស្អាតក្នុងភូមិចំនួន៤ ក្នុងចំណោម១១២ភូមិនៃតំបន់អង្គរ។ បន្ទាប់ពីអនុវត្តបានជោគជ័យទៅលើភូមិទាំង៤នេះហើយ គម្រោងនឹងពង្រីកទៅគ្រប់ភូមិទាំងអស់ដែលស្ថិតនៅក្នុងឧទ្យានអង្គរទាំងមូល៕