(ប៉ៃលិន)៖ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រជាពលរដ្ឋចំនួន៥២គ្រួសារទៀត និងទទួលបានអណ្តូងទឹកស្អាតបន្ថែម ដែលជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អណ្តូងទឹកស្អាត នឹងប្រគល់ជូនប្រជាពលរដ្ឋ គ្រប់ភូមិទូទាំងខេត្ត ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ អំពីការខ្វះខាត និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាប្រចាំ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងារប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះដល់ទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីតាមដានត្រួតពិនិត្យ ពីស្ថានភាពទឹកអណ្តូងស្នប់ ដែលកំពុងខួង ដោយធ្វើយ៉ាងណាពន្លឿនឲ្យបានលឿន សម្រាប់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋមានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ និងនៅជិត នាពេលខាងមុខឆាប់ៗនេះ ។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទកម្ពុជាខេត្តប៉ៃលិន កន្លងមកបានផ្តល់ជាស្រះទឹក និងអណ្តូងស្នប់ជាច្រើន ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលរស់នៅតំបន់ជនបទដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹក និងខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយដោះស្រាយបានបញ្ហាកង្វះខាតទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋ នៅក្នុងរដូវប្រាំងកន្លងមកផងដែរ៕