(ភ្នំពេញ)៖ ពិតជារឿងហួសចិត្តមួយ! បុរសជាប្ដី ដែលចូលចិត្តលេងឆាត Facebook ឆ្លើយឆ្លងជាមួយស្រីភ្លេចបាយ ភ្លេចទឹក និងភ្លេចទាំងការរកលុយចូលផ្ទះផងនោះ ត្រូវបានស្ត្រីជាប្រពន្ធឃើញតាមទាន់ ទាញយកកាំបិត ប៉័ងតោកាប់បណ្ដាលឲ្យរងរបួសដេរជាច្រើនថ្នេរ។
ជនរងគ្រោះជាប្ដីត្រូវបានគេស្គាល់ថាមានឈ្មោះ ជា ដារ៉ា អា យុ២៥ឆ្នាំ មុខរបររត់ ម៉ូតូកងបី ស្នាក់នៅផ្ទះលេខ៣០ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ រីឯស្ត្រីជាប្រពន្ធឈ្មោះ ស៊ិន សុភា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅលំនៅផ្ទះលេខ០៦ ៨ ក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ករណីហិង្សានេះ បានកើតឡើងនៅ វេលាម៉ោង១២រសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចនាំគ្នាទៅដោះស្រាយ រហូតលែងលះនៅប៉ុស្តិ៍ទួលសង្កែ ទីកន្លែងស្នាក់នៅរបស់ពួកគេ។
នៅមុនកើតហេតុ ជនរងគ្រោះជាប្ដីកំពុងតែអង្គុយចាំហៅម៉ូយរត់ម៉ូតូកងបី ស្រាប់តែត្រូវស្ត្រីជាប្រពន្ធតេទូរស័ព្ទ ឲ្យមកជួបនៅផ្ទះដែលជាចំណុចកើតហេតុ ខណៈប្ដីបានមកដល់ផ្ទះតាមការណាត់បែជាកើតរឿងជជែកសួរនាំតឹងសរសៃ-ក រៀងខ្លួនដោយបុរសជាប្ដីនិយាយបណ្ដើរដៃកាន់ទូរស័ព្ទឆាតលេង Facebook បណ្ដើរជាមួយស្រី ទើបធ្វើឲ្យប្រពន្ធឃើញ និងខឹងយ៉ាងខ្លាំង ក៏ទាញយកកាំបិត ប៉័ងតោដែលនៅក្បែរខ្លួនកាប់ទៅលើខ្នងបុរសជាប្ដីជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសហូរឈាមដេរជាច្រើនថ្នេរ រួចក៏បបួលគ្នាមកលែងលះនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីបែងចែកទ្រព្យសម្បត្តិរៀងៗខ្លួន ប៉ុន្តែកម្លាំងនគរបាលប៉ុស្ដិ៍បានណែនាំឲ្យទៅធ្វើលិខិតដាក់ពាក្យបណ្ដឹងនៅខណ្ឌចំការមន ព្រោះជាចំណុចកើតហេតុ៕