(ភ្នំពេញ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦នេះថា ក្មេងស្ទាវដែលមានជម្លោះជាមួយលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស គឺនៅមានមួយករណីទៀត ដែលលោកកំពុងធ្វើការស្រាវជ្រាវ និងចាត់ការបន្ត។ សម្រាប់ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននោះ ត្រូវបានលោកបញ្ជាក់ថា នេះជាករណីទី១ ដើម្បីបញ្ជូនរូបគេទៅធ្វើការបន្សាប គ្រឿងញៀនជាមុនសិន។
លោក កែវ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅមានមួយករណីទៀត យើងកំពុងស្រាវជ្រាវ ដើម្បីចាត់ការនៅឡើយ មិនទាន់បញ្ចប់ទេ ហើយករណីប្រើប្រាស់គ្រឿងញៀននោះយើងសម្រេចចោទប្រកាន់ និងបញ្ជូនគាត់ទៅបន្សាបគ្រឿងញៀនសិន។ ដូច្នេះសូមមជ្ឈដ្ឋានទូទៅកុំឲ្យមានការភ័ន្តច្រឡំថា រឿងគ្រោះថ្នាក់ចរាចរណ៍បែរជាចោទតែលើករណីប្រើប្រាស់គ្រឿងញៀនតែមួយទៅវិញ ហើយសូមរក្សាភាពស្ងៀមស្ងាត់»។
យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញារង កែវ សុជាតិ មិនទាន់អាចបញ្ជាក់ថា ករណីដែលកំពុងចាត់ការនេះជាបទល្មើសអ្វីនៅឡើយទេ។
ដោយឡែក លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស មិនបានធ្វើការបកស្រាយ ឬបញ្ចេញយោបល់អ្វីនោះឡើយចំពោះការសម្រេចនេះ ដោយលោកកំពុងជាប់បំពេញបេសសកម្មការងារការពារសន្តិសុខដល់ថ្នាក់ដឹកនាំ នៅខេត្តសៀមរាប។
តែយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «ដំណើររឿង (ជាមួយក្មេងស្ទាវ) នេះមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ»។
នៅរសៀលថ្ងៃត្រង់នេះ ព្រះរាជអាជ្ញារង កែវ សុជាតិ បានសម្រេចចោទប្រកាន់ក្មេងស្ទាវ ឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ ដែលមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ពីបទប្រើប្រាស់គ្រឿងញៀន និងបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំ។
សូមជំរាបថា ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!» ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។
មន្រ្តីអាវុធហត្ថបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនមែន។
សូមបញ្ជាក់ថា ក្មេងស្ទាវឈាមរាវម្នាក់នេះដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុកលោកឧត្តមសេនីយ៍ឯក នន្ទ សុខា តែសំណាងល្អលោកបានគេចផុត។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍ពីកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅតាមចាប់យកទៅដោះស្រាយតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់អង្គភាព Fresh News នៅក្រោយកើតហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់ជននេះបានបើកថយហើយ ពេលនោះវីសប៉ះរថយន្តរបស់លោក លោកក៏ចុចស៊ីផ្លេ។ ស្រាប់តែជននេះចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកហ្អែង!»។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្តទៅបំបុកលោក និងអង្គរក្សមួយទំហឹង តែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាមរហូតទាន់ហើយដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង៕