(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធឹន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត-ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋចំនួន ៣០០ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានកសាងផ្លូវគ្រួសក្រហមប្រវែង៤គីឡូម៉ែត្រ ជូនដល់ប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិល ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។
នៅក្នុងពិធីបើកការដ្ឋានកសាងនេះ លោក ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែង បានរាយការណ៍ អំពីចំនួនខ្នងផ្ទះរបស់អតិតនិវត្តន៍ជនទាំងអស់ដែលត្រូវរៀបចំជាដីឡូតិ៍និងផ្ទះមានចំនួន១៥០ខ្នង ផ្ទះប៉ុន្តែលទ្ធផលរៀបចំជាក់ស្តែងបានចំនួន២៣ខ្នងផ្ទះហើយ និងបានរៀបជាប្លង់ដេម៉ាស់រួចរាល់ជាស្ថាពរហើយ បងប្អូនក៏បានមកស្នាក់អាស្រ័យ
ជាបណ្តើរៗ ដោយមានការដាំដុះជាបន្តបន្ទាប់ ហើយពេលនេះផ្លូវប្រវែង៤គីឡូម៉ែត្រ បានកំពុងតែចាប់ផ្តើមឈូសឆាយនិងចាប់ផ្តើមធ្វើ។
ក្រៅពីនេះដែរ លោក ស ថាវី អភិបាលខេត្តបានបញ្ជាក់សារជាថ្មីជូនបងប្អូនប្រជាពលរដ្ឋឲ្យដឹងថា កុំឲមានការថ្នាំងថ្នាក់ និងការកាប់រុកទន្ទ្រានរានដីព្រៃបន្តទៀតសូមទុកចិត្តលើអាជ្ញាធរ ត្រូវផ្តល់ព័ត៍មានឲគ្នា ទៅវិញទៅមក ហើយការរស់នៅឲ្យមានការសាមគ្គីគ្នាដោយមិនគិតពីនិន្នាការនយោបាយឡើយ ផ្ទៃដីដែលបានចែកជូនហើយត្រូវបង្កើននូវការដាំដុះជួយថែរក្សា
ផ្លូវថ្នល់ និងអាងស្ទុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខនេះ។
នៅចុងបញ្ចប់នៃកម្មវិធី លោកស ថាវី ក្នុងនាមលោកបណ្ឌិតនាយឧត្ដមសេនីយ៍ គន់ គីម ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន៣០០នាក់ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕