(កំពង់ធំ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងអាវុធហត្ថស្រុកស្ទោង ដឹកនាំដោយលោក យិត សាអឿន មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឆ្មក់ចូលបង្ក្រាបហាងការ៉ាអូខេ២កន្លែង ដែលលួចបម្រើសេវាផ្លូវភេទ ដោយឃាត់ខ្លួនម្ចាស់ហាង២នាក់ និងនារីខារ៉ាអូខេ២៤នាក់។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលហាងទី១.មានឈ្មោះ «ការាអូខេ ជំនោររីករាយ» មានទីតាំងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានបុរសម្ចាស់ហាង ឈ្មោះ អ៊ឹង ប៊ុនឆាយ អាយុ៥០ឆ្នាំ និងនារីចំនួន១៥នាក់ និងហាងទី២. មានឈ្មោះ «ការ៉ាអូខេម្លប់ដូង» មានទីតាំងនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានបុសរម្ចាស់ ឈ្មោះ អ៊ុក រតនា អាយុ២៣ឆ្នាំ និងនារី៩នាក់។

មន្រ្តីអាវុធហត្ថបានបន្តថា បន្ទាប់ពីបានឃាត់ខ្លួនរួចមក កម្លាំងអាវុធហត្ថបានបញ្ជូននារីទាំង២៤នាក់ ទៅធ្វើការអប់រំណែនាំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ហើយបានប្រគល់ទៅឲ្យមន្ទីរកិច្ចការនារីខេត្ត ដើម្បីធ្វើការបង្ហាត់បង្រៀនជំនាញ បើកមុខរបរកស៊ីខ្លួនឯងដោយស្របច្បាប់។

ដោយឡែក ម្ចាស់ហាងទាំង២នាក់ ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីសួរនាំបន្ត បើសិនរកឃើញថា ពិតជាមានបទល្មើសសេវាកម្មបម្រើផ្លូវភេទមែន ឬទទួលផលពីសេវាកម្មទាំងនោះ តុលាការនឹងចាត់ការទៅតាមផ្លូវច្បាប់៕