(ភ្នំពេញ)៖ ជុំវិញជម្លោះរវាងអ្នកបើករថយន្ត ជាមួយក្រុមហ៊ុនកាពីតូល នាពេលកន្លងទៅនោះ, នៅថ្ងៃទី២២ ខែវិច្ឆិកានេះ សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល ដែលតំណាងឲ្យបុគ្គលិកជាង៤០០នាក់ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា ក្រុមអ្នកបង្កបញ្ហាទាំង៤៥នាក់នោះ គឺជាជនខិលខូច ធ្លាប់លួចកិនកេងប្រាក់ក្រុមហ៊ុន ធ្លាប់មានជម្លោះជាមួយភ្ញៀវ ទើបត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ។
តាមសេចក្ដីថ្លែងការណ៍របស់ សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល បានបញ្ជាក់ថា «សហជីពយើងខ្ញុំមានការសោកស្ដាយ ចំពោះឈ្មោះ អាត់ ធន់ និងឈ្មោះ អៀង គឹមហ៊ុន ដែលបានដឹកនាំជនខិលខូច ៤៥នាក់ ដែលធ្លាប់លួចកិបកេងប្រាក់របស់ក្រុមហ៊ុន ឈ្លោះទាស់ទែងជាមួយភ្ញៀវ មិនគោរពច្បាប់ ហើយត្រូវបានក្រុមហ៊ុនបញ្ឈប់ជាយូរមកហើយ»។
សេចក្ដីថ្លែងការណ៍ខាងលើ បានបន្តថា ក្រុមអ្នកតវ៉ាទាំង៤៥នាក់នោះ បានដើរកៀរគរអ្នកដែលមិនមែនជាបុគ្គលិកក្នុងក្រុមហ៊ុនកាពីតូល ឲ្យចូលរួមធ្វើបាតុកម្មខុសច្បាប់ មិនព្រមប្ដឹងតាមនីតិវិធី អាងស្រែកឡូឡា ធ្វើទុក្ខបុកម្នេញដល់បុគ្គលិកដទៃ ប៉ះពាល់ដល់អ្នកដំណើរ ប៉ះពាល់សណ្ដាប់ធ្លាប់សាធារណៈ ស្ទះចរាចរណ៍ពេញផ្លូវ រហូតដល់បង្កជាអំពើហិង្សា កាលពីថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៦ កន្លងទៅ និងបង្កជាបញ្ហាជាច្រើនទៀត។
សេចក្ដីថ្លែងការណ៍ បានចំអកទៅសហភាពការងារកម្ពុជា (CLC) របស់លោក អាត់ ធន់ ថា «CLC ខ្លួនឯងរួមទាំងអតីតអ្នកបើករថយន្តទាំង៤៥នាក់ ជាជនល្មើសមិនគោរពច្បាប់ បែរជាស្រែកឲ្យអ្នកដទៃគោរពច្បាប់ទៅវិញ, ស្រែកឲ្យភ្ញៀវជាតិ-អន្តរជាតិ ឈប់ជិះឡានក្រុមហ៊ុន តែទាមទារចូលធ្វើការក្នុងក្រុមហ៊ុនវិញ, ស្រែកថាក្រុមហ៊ុនរំលោភច្បាប់ តែចង់ធ្វើការជាមួយក្រុមហ៊ុនទៅវិញ»។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រុមអតីតអ្នកបើករថយន្តកាពីតូល ៤៥នាក់ បានលើកគ្នាដង្ហែរក្បូនតវ៉ាម្ដងទៀត ដោយតម្រង់ទៅខុទ្ធកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីដាក់លិខិតស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ឱ្យជំរុញដល់ក្រុមហ៊ុនកាពីតូល ទទួលយកពួកគាត់ចូលធ្វើការវិញ៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍របស់សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល៖