(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ បានធ្វើការឆ្មក់ចូលទៅបង្ក្រាបទីតាំង Game Online ភ្នាល់បាល់ចំនួន៣កន្លែង សិ្ថតនៅភូមិប៉ោយបែត សង្កាត់ប៉ោយបែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីនោះ គឺយើងបង្ក្រាបបានចំនួន៣កន្លែង ដែលបើកលួចលាក់ មិនមានច្បាប់ទម្លាប់។ លោកបន្តថាប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនបាន មេការចំនួនពីនាក់ទៀតផងដែរ។
លោក ធិន ស៊ិនដេត បានបន្ថែមថា មកដល់ពេលនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការដកហូតសំភារៈមួយចំនួន រួមទាំងបញ្ជូល ជនមេការ ចំនួន២នាក់ មកកាន់អធិការក្រុង ដើម្បីស្រាវជ្រាវរកប្រភពពីទីតាំងទាំងបីខាងលើនោះ ជារបស់អ្នកណា និងម្ចាស់ឈ្មោះអ្វី៕