(ភ្នំពេញ)៖ នៅថ្ងៃទី ២២ ខែវិច្ឆិកានេះ នៅទីស្នាក់ការកណ្ដាលធនាគារជាតិនៃកម្ពុជា មានជំនួបពិភាក្សាការងាររវាងលោក SERGE KOLB ទេសាភិបាលរង ធនាគារកណ្ដាលប្រទេសលុចសំបួ ជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេលមួយ សប្ដាហ៍នៅកម្ពុជា។
ក្នុងជំនួបនោះ លោក SERGE KOLB បានស្វែងយល់ ក្នុងវិស័យធនាគារនៅកម្ពុជាថា ពិតជាមានការរីកចម្រើន យ៉ាងឆាប់រហ័សទាំងក្នុងប្រព័ន្ធធនាគារ ដូចជាការដាក់ឲ្យប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយ ដូចបណ្ដាប្រទេសនៅអឺរ៉ុបកំពុងប្រើដែរ ជាអាទិ៍កាត ATM រួមនឹងការទូរទាត់ តាមប្រពន្ធ័ស្វ័យប្រវត្តិ និងការគ្រប់គ្រងប្រព័ន្ធធនាគារផងដែរ។
ជាមួយនេះដែរ លោក SERGE KOLB ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរឹងមាំនៃប្រព័ន្ធធនាគារកម្ពុជា ដែលបានធ្វើប្រព័ន្ធធនាគារ មានភាពល្អប្រសើរ ទោះបីជានៅក្នុងស្ថានភាព ដែលប្រទេសមួយចំនួន ជួបបញ្ហាយ៉ាងណាក៏ដោយ ក៏វិស័យធនាគារកម្ពជា នៅតែរក្សាបានស្ថេរភាពល្អ ដែលបានរួមចំណែកធ្វើកំណើកសេដ្ឋកិច្ចកម្ពុជា នៅរក្សាបាន៧% ដដែល។
លោក SERGE KOLB ទេសាភិបាលរង ធនាគារកណ្ដាលប្រទេសលុចសំបួ បានសន្យាថានឹងបន្តជួយបណ្ដុះបណ្ដាល ធនធានមនុស្សដល់ធនាគារជាតិនៃកម្ពុជាបន្តទៀត លើផ្នែកហិរញ្ញវត្ថុ និង ធនាគារ និងបានអនុញ្ញត្តិ ឲ្យមន្រ្តីធគារជាតិនៃកម្ពុជា ទៅធ្វើកម្មសិក្សាដោយផ្ទាល់នៅធនាគារ កណ្ដាលប្រទេសលុចសំបួផងដែរ។
កន្លងមកនេះ ធនាគារកណ្ដាលប្រទេសលុចសំបួ បានផ្ដល់អាហារូបករណ៍ ដល់ធនាគារជាតិនៃកម្ពុជាម្នាក់ ឬពីរនាក់ក្នុងមួយឆ្នាំៗ ដើម្បីជួយពង្រឹងជំនាញលើ ផ្នែកគ្រប់គ្រងទុនបំរុងអន្តរជាតិនិង សវនកម្មផ្ទៃក្នុងដល់មន្រ្តីធនាគារជាតិនៃកម្ពុជា ។
ក្រោយពីជំនួបពិភាក្សាជាមួយ ទេសាភិបាលរួចមក លោក SERGE KOLB ក៏បានចូលរួមធ្វើបទបង្ហាញមួយ ក្រោមប្រធានបទស្ដី បញ្ហាប្រឈម និង ការលានុវត្តភាពសម្រាប់សេដ្ឋកិច្ច របស់កម្ពុជាដល់មន្រ្តីបច្ចេកទេសនិង ក្រុមមន្រ្តីស្រាវជ្រាវសេដ្ឋកិច្ច របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជាការចែករំលែកនូវចំណេះថ្មីៗ សម្រាប់រួមចំណែកធ្វើឲ្យវិស័យធនាគារ របស់កម្ពុជាកាន់តែរឹងមាំ និងទទួលបានការរីកចម្រើនបន្ថែមទៀត៕