(ភ្នំពេញ)៖ ចំណាត់ការរបស់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញដែលដឹកនាំកម្លាំង ចុះទៅអនុវត្តដីកាសម្រេចរក្សាកាពារ ក្នុងការនាំអ្នកជំងឺចេញពីផ្ទះម្ដាយ និងបងប្អូន យោងទៅតាមបណ្ដឹង របស់ប្រពន្ធនិងកូនរបស់អ្នកជំងឺ ដើម្បីយកទៅព្យាបាលនៅមន្ទីរ ពេទ្យបំរ៉ុងរ៉ាត់ ប្រទេសថៃនោះ លទ្ធផលចុងក្រោយគឺ ភាគីទាំងសង្ខាងបានសម្រេចទុក អ្នកជំងឺនៅក្នុងផ្ទះដដែលដោយភាគីម្ចាស់ផ្ទះ សន្យាថានឹងយកអ្នកជំងឺទៅព្យាបាល នៅមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃដូចគ្នាមិនអោយ ហួសពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ នេះឡើយដោយអោយភាគីប្រពន្ធ និងកូនទៅជាមួយផងដែរ។
កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោកព្រះរាជអាជ្ញារងហឹុង ប៊ុនថន បានចុះទៅអនុវត្តដីកាសម្រេចរក្សាការពារនាំអ្នកជំងឺ ចេញពីផ្ទះដោយយោងទៅតាមបណ្ដឹង ស្នើសុំរបស់ប្រពន្ធ និងកូនជនរងគ្រោះដើម្បីយកទៅព្យាបាល នៅប្រទេសថៃ តែត្រូវបានភាគីម្ចាស់ផ្ទះដែលជាម្ដាយ និងបងប្អូនអ្នកជំងឺធ្វើការរារាំងមិនអោយ យកចេញពីផ្ទះប្រគល់ទៅអោយប្រពន្ធ និងកូនដោយសំអាងថា ទុកនៅទីនេះ(ផ្ទះម្ដាយ និងបងប្អូន)ដើម្បីព្យាបាលជំងឺ ព្រោះអោយប្រពន្ធ យកទៅព្យាបាលមិនជា។
រហូតមកដល់ ម៉ោង១១និង២០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ដដែលនេះ ការអនុវត្តដីកានាំអ្នកជំងឺចេញពីផ្ទះ ដែលមានទីតាំងនៅផ្ទះលេខ៨ដេ ផ្លូវលំ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវមិនទាន់ ទទួលបានជោគជ័យនោះឡើយ។ប៉ុន្តែភាគីទាំងពីរបានឯកភាពគ្នា ធ្វើកិច្ចសន្យាដោយ ភាគីម្ចាស់ផ្ទះ(ម្ដាយ និងបងប្អូន)សន្យានាំអ្នកជំងឺ យកទៅព្យាបាលនៅមន្ទីរពេទ្យសុរិន្ទ ប្រទេសថៃមិនអោយហួសថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ឡើយ បើដល់ថ្ងៃកំណត់មិនបាន យកទៅព្យាបាលទេ នឹងប្រគល់អ្នកជំងឺអោយទៅប្រពន្ធ និងកូនយកទៅព្យាបាលវិញម្ដង។
តាមព័ត៏មានបានអោយដឹងថា អ្នកជំងឺមានឈ្មោះគឹម ចាន់ថន មានប្រពន្ធឈ្មោះឃុន ចាន់ដារ៉ា និងមានកូនចំនួន៤នាក់ មានទីលំនៅ កន្លែងផ្សេង តែដោយសារប្ដី និងឪពុកមានជំងឺប្រចាំកាយ ម្ដាយបង្កើត និងបងប្អូនខាងប្ដី ក៏ទៅសុំយកជនរងគ្រោះពីប្រពន្ធ និងកូនយកមកលេង នៅផ្ទះកន្លែងអនុវត្តដីកាដែលជាផ្ទះរបស់ម្ដាយ និងបងប្អូនរស់នៅ តែតាំងពីយកមកដែល មានរយៈពេលយូរមកហើយនោះ ប្រពន្ធ និងកូនក៏ទៅទទួលយកមកផ្ទះវិញ ស្រាប់តែម្ដាយ និងបងប្អូនជនរងគ្រោះ មិនព្រមអោយយក ទៅដោយសំអាង ថាទុកនៅព្យាបាល ដោយចោទប្រពន្ធ និងកូនថាហាក់មិនយកចិត្តទុកដាក់ ព្យាបាលប្ដី និងឪពុករបស់ខ្លួន(យកទៅព្យាបាលមិនជា)។
ដោយការមិនចុះសំរ៉ុងគ្នា ប្រពន្ធ និងកូនក៏ប្ដឹងទៅតុលាការដើម្បីទាមទារយកប្ដី និងឪពុករបស់ខ្លួនទៅផ្ទះវិញ តែម្ដងទៅដើម្បីយកទៅព្យាបាល នៅប្រទេសថៃ តែរឿង រ៉ាវនៅពីក្រោយខ្នងយ៉ាងណានោះគេ មិនបានដឹងនោះឡើយ៕