(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទៅដល់ខេត្តសៀមរាបហើយ នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចូលរួមប្រជុំស្តីពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅលើបណ្តាញសង្គម Facebook ប៉ុន្មាននាទីមុននេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយា បានមកដល់ទឹកដីនៃខេត្តសៀមរាប ដែលនៅទីនេះយើងនិងធ្វើជាម្ជាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម(CLV)លើកទី៩ដែលនេះជាការប្រជុំ២ឆ្នាំម្តង ដោយចែកវេនគ្នា ធ្វើប្រធានតាមលំដាប់អក្សរ។នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ នាយករដ្ឋមន្ត្រីវៀតណាមនិងលោកជំទាវនឹងមានវត្តមាននៅក្នុងឱកាសនេះ។ក្រៅពីការប្រជុំត្រីភាគី ខ្ញុំក៏នឹងមានការចរចាទ្វេភាគីរវាងកម្ពុជា ឡាវនិងរវាង កម្ពុជា វៀតណាមផងដែរ»។
កិច្ចប្រជុំកំពូលរវាងកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី «ការអភិវឌ្ឍតំបន់ត្រីកោណ» នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងពិនិត្យលើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ ក្នុងការអនុវត្តឯកសារសំខាន់ៗ រួមមាន៖ទី១.ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០) ទី២.លទ្ធផលនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ និងទី៣.ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី៨ ស្ដីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ទ ចាប់តាំងពីឆ្នាំ២០១៤មក។
សូមជម្រាបថា កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី នឹងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទកាសែតផងដែរ។ ភាគីទាំងបីរំពឹងថា គម្រោង និងកិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានអនុម័តយល់ព្រម និងចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំនេះ។ ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេភាគី ដោយឡែកពីគ្នា ជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីរៀតណាមផងដែរ៕