(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ចេញផ្សាយឲ្យដឹង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សកិច្ចការងារ នៅប្រទេសបារាំង របស់លោកទេសរដ្ឋមន្រ្តី ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ លោក ហង្ស់ ម៉ាក អេរ៉ូ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិ នៃសាធារណរដ្ឋបារាំង។ ក្នុងដំណើរទស្សនកិច្ចនេះ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារផ្លូវការជាមួយ លោក ហង្ស់ ម៉ាក អេរ៉ូ រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងបារាំងជាពិសេស នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ព្រមទាំងពិភាក្សាលើប្រធានបទដែលមានអត្ថប្រយោជន៍រួមនៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ លោក ប្រាក់ សុខុន ក៏នឹងជួបជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភាបារាំង-កម្ពុជាប្រធានមូលនិធិឆាលដឺហ្គោល និងទស្សនាសាលាបារាំងចុងបូព៌ា ផងដែរ៕