(កំពង់ស្ពឺ)៖ ប្រធានមន្ទីរកសិកម្មថ្មី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសឡើងកាន់តំណែងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីលោក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
យោងតាមសេចក្តីសម្រេច លោក សយ បញ្ញា ប្រធានមន្ទីរកសិកម្មចាស់ នឹងត្រូវផ្ទេរទៅកាន់ការងារថ្មី នៅក្រសួងកសិកម្ម ហើយជំនួសដោយលោក ឈៀង តុលា ដែលបានផ្ទេរពីរដ្ឋបាលព្រៃឈើ មកជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺវិញ។
ទាំងលោក ហាស់ សារ៉េត និងលោក វ៉ី សំណាង បានថ្លែងថា នេះជាការកែសម្រួលផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយតែងយកចិត្តទុកដាក់លើការងារដឹកនាំថ្នាក់ក្រោមជាតិឲ្យបានល្អប្រសើរ។
លោកប្រធានមន្ទីរដែលត្រូវផ្ទេរទៅបម្រើការងារនៅក្រសួងកសិកម្ម បានលើកឡើងថា លោក នឹងខិតខំប្រឹងប្រែងបន្តការងារថ្មី ឲ្យបានប្រសើរស្របតាមភារកិច្ចថ្មីដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ដោយឡែកលោក ឈៀង តុលា ដែលទើបទទួលបានតំណែងថ្មី ក៏បានប្តេជ្ញាចិត្តថា លោក នឹងខិតខំបំពេញភារកិច្ចថ្មីក្នុង ឋានៈជាអ្នកដឹកនាំមន្ទីរដើម្បីបំរើរាស្ត្រ បំរើប្រជាពលរដ្ឋជាពិសេស ការងារកសិកម្មនៅតាមមូលដ្ឋានតបតាមតម្រូវការចាំបាច់របស់គាត់ជាកសិករ។
លោកបានបន្តថា លោកនឹងយកតួនាទីដែលទទួលបាននេះទៅបំរើឲ្យអស់លទ្ធភាពក្នុងតួនាទីដែលរាជរដ្ឋាភិបានដាក់ឲ្យ ក្នុងន័យធ្វើយ៉ាងណា ដើរតាមតួនាទីរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ៕