(ប៉ៃលិន)៖ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីជំនាញ ព្រមទាំងសហការជាមួយមន្ទីរពាណិជ្ជកម្មធ្វើការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព ស្ថិតនៅ ផ្សារសាលាក្រៅ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលបានឲ្យដឹងថា ការចុះត្រួតពិនិត្យ និង ណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានយល់ដឹង ចេះមើលទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ឲ្យបានគ្រប់គ្នា ដើម្បីឲ្យពួកគាត់ទិញទំនិញគ្មានសញ្ញាត្រឹមត្រូវ ពុំមានសំបកវិចខ្ចប់ត្រឹមត្រូវ និង ទំនិញមិនមានច្បាប់អនុញ្ញាត។ ដូច្នេះអាជីវករក៏ដូចជា បងប្អូនប្រជាពលរដ្ឋទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ ឬប្រើប្រាស់ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត ក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់បងប្អូន។
លោកថា ទន្ទឹមនេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីសាខាកាំកុងត្រូវទប់ស្កាត់កុំឲ្យមានទំនិញដែលខូចគុណភាព ហួសសុពលភាពដាក់តាំងលក់លើទីផ្សាតទៅទៀត។
បន្ទាប់ពីមន្ត្រីជំនាញសាខាកាំកុងត្រូលបានណែនាំ និងមើលទំនិញអស់ពេញមួយព្រឹកបានសង្កេតឃើញថាប្រជាពលរដ្ឋទាំងអ្នកលក់និងអ្នកទិញមានការយល់ដឹងកាន់តែច្បាស់ ហើយពួកគាត់បានថ្លែងអំណអគុណដល់មន្ត្រីជំនាញដែលតែងតែមកចុះត្រួតពិនិត្យមើល និងពន្យល់អំពីផ្លាកសញ្ញាផលិតផលចំនីអាហារជារៀងរាល់ខែ។ ដូច្នេះសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលខេត្តបន្តសកម្មភាពនេះជាបន្តទៀត។
លោក គិត សុវណ្ណា បានអំពាវនាវអាជីវករអ្នកលក់ទាំងអស់ត្រូវគោរពតាម ការណែនាំរបស់មន្ត្រីសាខាកាំត្រូលអោយបានជាប់ជាប្រចាំ បើនៅតែយកទំនិញខូចគុណភាពដាក់តាំងលក់នឹងត្រូវធ្វើទៅតាមច្បាប់នៃមាត្រា១៦ និង៦៣ ដោយផ្តន្ទាទោសពី១ខែទៅ១ឆ្នាំ ។
ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចកាំកុងត្រូវបានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ទឹកក្រូចដបជ័រ៧៩ដប ទឹកដោះគោជូ៤២ដប នំស្រួយកញ្ចប់៥៦កញ្ចប់ ទឹកក្រូចឆ្មា១១ដប ដុំស៊ុបខ្នរ៦០ ដុំ ប៊ីចេង ៨កញ្ចប់ មីកំប៉ុង១៣កំប៉ុង៕