(ពោធិ៍សាត់)៖ នៅក្នុងអំឡុងខែវិច្ឆិកា គិតត្រឹមថ្ងៃទី២២នេះ កម្លាំងដោះមីន នៃវរៈវិស្វកម្មយោធភូមិភាគទី៥ សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចុះប្រមូល និងកម្ទេចចោល គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន១៣៩គ្រាប់ នៅតាមសងខាងផ្លូវជាតិលេខ៥៥ ក្នុងឃុំប្រម៉ោយ ដែលគ្រាប់ទាំងអស់នោះ សុទ្ធសឹងជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម។
ក្នុងប្រតិបត្តិការកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចខាងកើតស្ពានអូរសំឡាញ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្នុងអំឡុងខែវិច្ឆិកា គិតត្រឹមថ្ងៃទី២២នេះ កម្លាំងនគរបាលរបស់លោក និងកម្លាំងដោះមីន នៃវរៈវិស្វកម្មយោធភូមិភាគទី៥ បានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមសងខាងផ្លូវជាតិលេខ៥៥ ក្នុងឃុំប្រម៉ោយ ដែលនៅសេសសល់ពីសម័យសង្គ្រាមបានចំនួន ១៣៩គ្រាប់ មានដូចជា៖ មីនPMN2 ចំនួន ១១៦គ្រាប់ និងមីនTM ចំនួន ២៣គ្រាប់។
លោកអធិការបានបន្តថា «ក្រោយពេលប្រមូលបានហើយនោះ យើងបានកម្ទេចចោលនៅចំណុចខាងកើតស្ពានអូរសំឡាញ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ កាលពីវេលាម៉ោង១ រសៀលមុននេះ ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទណាក៏ដោយ ត្រូវរាយការណ៍ ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»៕