(ភ្នំពេញ)៖ ក្រុមតារាសម្ដែង ក្នុងរឿង «កូនក្រមុំលោកមេឃុំ» ដែលដឹកនាំដោយផលិតក របស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានប្រារព្ធកម្មវិធីជួបជុំគ្នា នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីអបអរសាទរ ការបិទបញ្ចប់ក្នុងការថតរឿង «កូនក្រមុំលោកមេឃុំ» និងបង្កើនភាពស្និទ្ធស្នាល ក្រោយពីបំពេញការងារ ប្រកបដោយជោគជ័យ។
តំណាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានបញ្ជាក់ឲ្យដឹងថា ជាធម្មតាសម្រាប់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្រោយពីថតបញ្ចប់រឿងភាគនីមួយៗរួចរាល់ ចាប់ផ្ដើមចាក់បញ្ចាំង ស្ថានីយទូរទស្សន៍តែងតែបង្កើត កម្មវិធីជប់លៀងអបអរសាទរ ដល់តារាសម្ដែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្ដែង អស់ពីសមត្ថភាព ដើម្បីឲ្យរឿងនីមួយៗមានគុណភាព ហើយដើម្បីបង្កើនភាពសប្បាយរីករាយ លើកទឹកចិត្តដល់តារាសម្ដែង ទាំងអស់ផងដែរ។
តំណាងដដែលបានបន្តថា នៅពេលសមិទ្ធផលមួយ ត្រូវបានសម្រេចប្រកបដោយផ្លែផ្កា គឺយើងត្រូវតែមានការលើកទឹកចិត្ត ដល់ក្រុមការងារ មានទាំងអ្នកបច្ចេកទេស តារាសម្ដែង និងក្រុមការងារពាក់ព័ន្ធទាំងអស់ ក្នុងន័យដើម្បីឲ្យតារាសម្ដែង មានឱកាសស្វែងយល់ពីបទពិសោធរវាងគ្នានិងគ្នា ទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល។
គួរបញ្ជាក់ថា តារាសម្ដែងដែលបានចូលរួម ក្នុងកម្មវិធីយប់មិញនេះ រួមមាន កញ្ញា យ៉ែម ស្រីពេជ្រ, លោក យឹម សម្បត្តិ, កញ្ញា ហេង ស្រីពេជ្រ, នាយតឹង, លោក ហង្ស សម្បើមសក្តិ ព្រមទាំងផលិតករ និងក្រុមការងារជាច្រើននាក់ ដោយកម្មវិធីមានការច្រៀងរាំ យ៉ាងសប្បាយរីករាយ៕