(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងប្រកាសសាលដីកាស្ថាពរ លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០១ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន នាវេលាម៉ោង៩៖០០ព្រឹក នៅសាលសវនាការ របស់ អ.វ.ត.ក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោកបន្តថា នៅថ្ងៃប្រកាសសាលដីកាស្ថាពរនេះសាធារណជន មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីអង្គការសហប្រជាជាតិមន្ត្រីអង្គទូត និងជនរងគ្រោះជិត១០០០ នាក់នឹងចូលរួមស្តាប់ការប្រកាសសាលដីកា ជាប្រវត្តិសាស្ត្រនេះ។
ជាមួយគ្នានេះដែរ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័ននឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មួយចំនួនទៀតនឹងធ្វើការ ផ្សាយបន្តផ្ទាល់ផងដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានបន្តឲ្យដឹងថា ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សាលាក្តី ខ្មែរក្រហម។ លោកបានចាត់ទុកថា ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត របស់សាលាក្តីខ្មែរក្រហម ក៏ដូចជារបស់មនុស្សជាតិទាំងមូល នៅក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌នៅកម្ពុជា រយៈពេលជាង៣៧ឆ្នាំ ក្រោយការដួលរលំ ទៅនៃរបបខ្មែរក្រហមនៅកម្ពុជា។
លោក នេត្រ ភក្ត្រា បានបញ្ចាក់ថា ការប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង ០០២/០១ នៅថ្ងៃទី២៣ ខែវិច្ឆិកា នឹងបង្ហាញថាតើជនជាប់ចោទ នួន ជា និងខៀវ សំផន ដែលត្រូវបានអង្គជំនុំជម្រះសាលាដំបូងរកឃើញ ថាមានពិរុទ្ធភាព និងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តើនឹងមានការសម្រេចបែបណាពី អង្គជំនុំជម្រះតុលាការកំពូល បន្ទាប់ពីបានស្តាប់ទឡ្ហីករណ៍ អង្គច្បាប់ និងបានស្តាប់ភស្តុតាងថ្មីៗមួយចំនួនរួចមក។ សាលដីកាដែលនឹង ប្រកាសនេះគឺជាសាលដីកាស្ថាពរបិទផ្លូវតវ៉ា។
សូមរំលឹកថា សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុង ពេលជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទី ដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។ នៅថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូង រកឃើញថា ជនជាប់ចោទ មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់មួយជីវិត។ នួន ជា និង ខៀវ សំផន បានធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង១៤៨។
សហព្រះរាជអាជ្ញា ក៏បានដាក់បណ្តឹងសាទុក្ខដោយកម្រិតត្រឹមតែការស្វែងរកដំណោះស្រាយទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា “សហឧក្រិដ្ឋកម្មរួមទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក៕