(ភ្នំពេញ)៖ មន្ត្រីតុលាការបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
តាមឯកសារតុលាការបង្ហាញថា សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និង លោក សៀង សុខ ជាតំណាងអយ្យការ ។
ឯកសារដដែល បង្ហាញទៀតថា លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៦២៩ មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។
សំណុំរឿងនេះ គឺត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ រួចហើយ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាមនេះ៕