(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើកម្ចីចំនួន៤០លានដុល្លារ និងផ្តល់ជំនួយបច្ចេកទេស ក្នុងទម្រង់ជាជំនួយ ឥតសំណងក្នុងទឹកប្រាក់៦០ម៉ឺនដុល្លារ ដើម្បីជួយពង្រឹងវិស័យហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ជួយប្រជាពលរដ្ឋ ដែលពុំបានទទួលសេវាធនាគារនៅក្នុងប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបចេញផ្សាយនោះថ្ងៃទី២២ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសព័ត៌មាន ADB បានដកស្រង់សម្តីលោក Hiroyuki Aoki អ្នកឯកទេសជាន់ខ្ពស់ ខាងវិស័យហិរញ្ញវត្ថុ នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ដោយបានលើកឡើងថា «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បាននឹងកំពុងដំណើរការទៅយ៉ាងល្អប្រសើរ ប៉ុន្តែការសម្រេចនូវកំណើន ប្រកបដោយបរិយាប័ន្ន គឺជាបញ្ហាប្រឈមមួយ ជាពិសេស ក្នុងចំណោមប្រជាពលរដ្ឋ ដែលពុំបានទទួលសេវាហិរញ្ញវត្ថុជាផ្លូវការ។ គម្រោងនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុរបស់ខ្លួន សំដៅកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលពុំបានទទួលសេវាហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន»។
លោកបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់ របស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកាត់បន្ថយភាពក្រីក្រពី ៤៧.៨% ក្នុងឆ្នាំ២០០៧ មកនៅ ១៣.៥% ក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើននាក់ នៅតែងាយរងប្រឈមភាពក្រីក្រ ជាពិសេស អ្នកដែលរស់នៅតាមតំបន់ជនបទ ជាទីដែលមានប្រជាពលរដ្ឋក្រីក្រ ៩០% រស់នៅហើយមានប្រជាពលរដ្ឋ ៤១% រស់នៅជាមួយនឹងចំណូលក្រោម២ដុល្លារ ក្នុងមួយថ្ងៃ។ វិស័យហិរញ្ញវត្ថុគួរមានការអភិវឌ្ឍបន្ថែមទៀត ដោយហេតុថា មានប្រជាពលរដ្ឋតែ ៥៩% ប៉ុណ្ណោះ ដែលអាចទទួលបានសេវាហិរញ្ញវត្ថុជាផ្លូវការ និងមានប្រជាពលរដ្ឋពេញវ័យ ៣០% ដែលត្រូវបានផាត់ចេញពីទម្រង់នានានៃសេវាហិរញ្ញវត្ថុ។
ADB បានឲ្យដឹងទៀតថា «កម្ចី និងជំនួយបច្ចេកទេស ក្នុងទម្រង់ជាជំនួយឥតសំណងរបស់ ADB នេះ គឺផ្តល់សម្រាប់អនុកម្មវិធីទីមួយ ក្នុងចំណោមអនុកម្មវិធី៣ ក្រោម IFSDP (កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុបែបបរិយាប័ន្ន)។ នៅពេលអនុវត្ត គេរំពឹងថា កម្មវិធីនេះនឹងធ្វើឲ្យសេដ្ឋកិច្ច អាចចំណេញបានរហូតដល់ ៣៩១.២ ដុល្លារ ក្នុងមួយឆ្នាំ ឬស្មើនឹង ២.៣% នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ»៕