Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រយៈពេល២ថ្ងៃ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចុះបង្រ្កាបគ្រឿងញៀន ចាប់ខ្លួន៥នាក់ និងដកហូតថ្នាំញៀន១៥កញ្ចប់

22-11-2016 13:59

(ព្រះសីហនុ)៖ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ត្រឹមរយៈពេល២ថ្ងៃ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដោយបានដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងចាប់ថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញរបស់លោក បានចុះបង្រ្កាបករណីគ្រឿងញៀន ចំនួន២លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ រួមមា៖ ១.ឈ្មោះ ង៉ែត រិទ្ធ អាយុ៣០ឆ្នាំ, ២.ឈ្មោះ ញ៉ែម ពិសិដ្ឋ អាយុ២២ឆ្នាំ, ៣.ឈ្មោះ សឹង តិច អាយុ២០ឆ្នាំ, ៤.ឈ្មោះ ឈិត សូភីរិទ្ធ អាយុ២៤ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ, និង៥.ឈ្មោះ ព្រីង សាំងឡេង អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារមួយចំនួន រួមមាន៖ ថ្នាំម៉ាទឹកក ១៥កញ្ចប់ ទម្ងន់ ២.៣៧ក្រាម, ទូរស័ព្ទដៃ៤គ្រឿង, ប្រាក់៤៤ម៉ឺនរៀល និង២៦ដុល្លារ, ចិញ្ជៀន១វង់, នាឡិកាដៃ១ខ្សែ, និងម៉ូតូ១គ្រឿង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងប្រមូលវត្ថុតាងរួចមក កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សម្រាប់ករណីគ្រឿងញៀនខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានសង្កត់ធ្ងន់ថា ដោយអនុវត្តបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញរបស់លោក នឹងបន្តធ្វើការស្រាវជ្រាវដូចភ្លៀងរលឹម លើការចុះបង្ក្រាបបទល្មើសបំផ្លាញសង្គមមួយនេះ ឲ្យមានការថយចុះជាបន្តបន្ទាប់៕