(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកពិសារអាហារថ្ងៃត្រង់រយៈពេលជាង១ម៉ោង រហូតដល់ម៉ោងជាង០១៖៤០នាទី រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ រដ្ឋសភាបានចាប់ផ្តើមប្រជុំបន្តទៀតហើយ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០១៧។
កិច្ចប្រជុំសភា នៅថ្ងៃនេះ មានបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិ ឆ្នាំ២០១៧ រួមទាំងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
នៅព្រឹកមិញនេះរដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ ក្រោមសំឡេង១០៦ លើ១០៦ ។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភាពេញអង្គ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានការចូលរួមដោយតំណាងរាស្រ្តចំនួន១០៦រូប ក្នុងនោះមាន ៦៧រូបមកពីគណបក្សប្រជាជនកម្ពុជា និង៣៧រូបមកពីគណបក្សសង្រ្គោះជាតិ។ គណបក្សសង្រ្គោះជាតិបានចាប់ផ្តើមចូលប្រជុំសភាពេញអង្គឡើងវិញ បន្ទាប់ពីធ្វើពហិការយៈពេល៦ខែមកនេះ៕