(ភ្នំពេញ)៖ លោក សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការីបានចូលរួមសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី៥ ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រម លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ បានបញ្ជាក់ជូនអង្គសភាឲ្យដឹង អំពីការធ្វើកំណែទម្រង់ នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេស ការពង្រឹងការ គ្រប់គ្រង ធនធានធម្មជាតិ តាមរយៈការបន្តអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យវាយតម្លៃ សម្បទានដីសេដ្ឋកិច្ច ការផ្ទេរសមត្ថកិច្ចគ្រប់គ្រងព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ចការបង្រ្កាបបទ ល្មើស ព្រៃឈើទ្រង់ទ្រាយធំ និងការរៀបចំឱ្យមានវេទិកា ស្តីពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួម ពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកសភាមួយចំនួន រដ្ឋមន្ត្រីបានបកស្រាយបំភ្លឺអំពីភាពចាំបាច់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការ អភិវឌ្ឍដោយចីរភាព ព្រមទាំងសារៈប្រយោជន៍ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។

រដ្ឋមន្ត្រី សាយ​ សំអាល់​ បានបន្តឲ្យដឹងទៀតថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីពង្រឹង និងពង្រីកវិសាលភាព តំបន់ការពារធម្មជាតិ សំដៅ លើកម្ពស់តម្លៃ និងកែលម្អ មុខងារនៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។លោក សាយ​ សំអាល់បានលើកឡើងជូនសភា នៅក្នុងកិច្ចប្រជុំពេញអង្គសភារៀបចំធ្វើ នៅថ្ងៃទី២២​ ខែវិច្ឆិកាឆ្នាំ២០១៦នេះ។

ជាលទ្ធផល បន្ទាប់ពីស្តាប់ការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆ័ន (១០៦សម្លេង លើ១០៦)​ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស» នៅថ្ងៃទី១២ ខៃធ្នូ​ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ដើម្បីដោះស្រាយ​បញ្ហា​ប្រែប្រួលអាកាសធាតុ ជាពិសេស​ដើម្បី ជំរុញការវិនិយោគ ដែលបញ្ចេញ​កាបូន​ទាប​ប្រកបដោយ​ចីរភាព ​នៅ​ពេលអនាគត។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសនេះត្រូវបានរៀបចំឡើង ​ដោយ​ឈរលើមូលដ្ឋាន នៃ​គោលការណ៍ចំបងៗ​នៃអនុសញ្ញា UNFCCC ដែលជំរុញឱ្យភាគីទាំងអស់ ខិតខំប្រឹង​ប្រែងអនុវត្ត​កាតព្វកិច្ចរបស់ខ្លួន ក្នុង​ការដោះស្រាយការប្រែប្រួល​អាកាសធាតុ​ និងបន្សុំាទៅនឹងឥទ្ធិពលនៃការ​ប្រែប្រួលអាកាសធាតុ៕