(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជាបានធ្វើការប្រកាសជាផ្លូវការពីការមកដល់នៃ រថយន្ត Ford Ranger 2017 និង រថយន្ត Ford Everest 2017 មកកាន់ទីផ្សារកម្ពុជា។
រថយន្ត Ford Ranger និង Ford Everest ស៊េរីថ្មី បានបំពាក់បច្ចេកវិទ្យាដ៏ឆ្លាតវៃ គួបផ្សំជាមួយនឹងរួបរាងដ៏រឹងមាំ និងជារថយន្តដែលមានបច្ចេកវិទ្យាចុងក្រោយ អាចធ្វើការបើកបរបានគ្រប់កាលៈទេសៈ និងជំនះបានគ្រប់ឧបសគ្គនៃការបើកបរ។
រថយន្ត Ford Ranger 2017 និង Ford Everest 2017 បានបំពាក់បន្ថែមនូវបច្ចេកវិទ្យានៅផ្នែកខាងក្នុងរថយន្តយ៉ាងទំនើប ហៅថា Microsoft SYNC 3 ដែលជាបច្ចេកវិទ្យា window ខាងក្នុងជំនាន់ទី3 មានអេក្រង់ Touch Screen ទំហុំ 8 អ៊ីញ ដែលអាចបង្ហាញនូវរូបភាពច្បាស់ជាងមុន ម្យ៉ាងទៀតការបញ្ជានៅលើអេក្រង់ Touchscreen ក៏មានលក្ខណៈរស់រវើក និងលឿនជាងមុនផងដែរ។ បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC® AppLink™ ឬ Apple CarPlay ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។
ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះក៏មានភ្ជាប់ជាមួយនឹង font ជាអក្សរខ្មែរផងដែរ។
ក្រៅពីនេះរថយន្ត Ford Ranger 2017 និង Ford Everest 2017 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពីគន្លងផ្លូវរបស់ខ្លួន ដោយចៃដន្យនៅពេលដែល កំពុងបើកបរក្នុងល្បឿនលឿន។
ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ដែលអាចឲ្យអ្នកបើកបរធ្វើការកំណត់ទៅលើល្បឿន ក៏ដូចជាចម្ងាយ ចំពោះរថយន្ត ដែលបើកនៅពីខាងមុខ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើយ៉ាងណាបញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរលើសល្បឿនដែលបានកំណត់។
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Alert) ប្រព័ន្ធនេះមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងប្រព័ន្ធកំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នកបើកបរធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាពនៃរថយន្ត របស់គាត់នៅក្នុងចម្ងាយសុវត្ថិភាពមួយ ដោយបញ្ចេញសម្លេងនិង បង្ហាញសញ្ញាគ្រោះថ្នាក់ឲ្យ អ្នកបើកបរបានដឹង និងត្រៀមខ្លួនជៀសផុតពីគ្រោះថ្នាក់ដែលមានចំពោះមុខ។
ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលអ្នកបើកបរមានអារម្មណ៍ងងុយគេង (Driver Alert System) ក៏បានបន្ថែមនូវសម្លេងក៏ដូចជាសញ្ញា ពែងកាហ្វេដោយឲ្យដំណឹង ទៅអ្នកបើកបរគួរតែឈប់សម្រាក ឬធ្វើអ្វីផ្សេងទៀតដើម្បីបំបាត់ភាពងងុយគេងមុនពេលបន្តដំណើរទៅមុខទៀត៕