(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញបានថ្លែងប្រាប់ឲ្យដឹងមុននេះបន្តិច នាវេលាថ្ងៃត្រង់នេះថា ព្រះរាជអាជ្ញារង កែវ សុជាតិ បានសម្រេចចោទប្រកាន់ក្មេងស្ទាវ ឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ ដែលមានជម្លោះជាមួយ​ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ពីបទប្រើប្រាស់គ្រឿងញៀន និងបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំ។

សូមជំរាបថា ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ឡានអញបុកឡាន​ហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ​? ចាំមើលអញ​បើកបុកហ្អែង!» ត្រូវបានមន្រ្តីអាវុធហត្ថបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថា បន្ទាប់ពីពិនិត្យតាមដានទឹកនោមឃើញថា យុវជននោះបានប្រើប្រាស់គ្រឿងញៀន។

មន្រ្តីអាវុធហត្ថបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនតាំងពីម្សិលមិញ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញនាពេលយប់មិញ។

សូមបញ្ជាក់ថា ​ក្មេងស្ទាវឈាមរាវម្នាក់នេះដែលមានអាការ:ស្រវឹងស្រាខ្លាំង បានបើករថយន្តទៅបំបុករថយន្ត របស់លោកឧត្តមសេនីយ៏ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស តែសំណាងល្អលោកបានគេចផុត។ ករណីនេះបានបង្កឲ្យមានការភ្ញាក់​ផ្អើល នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រហូតមានអន្តរាគមន៍​ពីកម្លាំងអាវុធ​ហត្ថខណ្ឌ ចុះទៅតាមចាប់យក​ទៅដោះស្រាយតាមច្បាប់។

ឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់អង្គភាព Fresh News នៅក្រោយកើត​ហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់​ជននេះបានបើកថយហើយពេល​នោះវីសប៉ះរថយន្ត​របស់លោក លោកក៏​ចុចស៊ីផ្លេ។ ស្រាប់តែជននេះចុចកញ្ចក់ ហើយស្រែកមកលោកថា «ឡានអញបុកឡាន​ហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ​? ចាំមើលអញ​បើកបុកហ្អែង!»។ មិនទាន់ស្រែកចប់ផង ស្រាប់តែជននេះបានបើករថយន្តទៅបំបុកលោក និងអង្គរក្សមួយទំហឹង តែសំណាងល្អលោកលោតទាន់ ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាមរហូតទាន់ហើយដកកាំភ្លើងភ្ជង់ រួចកម្លាំងអាវុធហត្ថខណ្ឌ ទៅដល់ក៏ឃាត់យកទៅខណ្ឌភ្លាមៗតែម្តង៕