(ភ្នំពេញ)៖ អារឿងចោទអ្នកកាសែតនេះសរសេរលំអៀង សរសេរលក់ខ្លួន សរសេរលក់ក្បាលឲ្យរដ្ឋាភិបាល អាអ្នកកាសែតនោះសរសេរអត់វិជ្ជាជីវៈ សរសេរកាន់ជើងតែគ្នាវា វាបានក្លាយទៅជាទំលាប់ និងស្ដាប់ឡើងសាំត្រចៀកទៅហើយ សំរាប់នៅស្រុកខ្មែរយើងនេះ។
នៅស្រុកខ្មែរ បើអ្នកព័ត៌មានណាសរសេររៀងលំអៀងទៅរករដ្ឋាភិបាលបន្តិច គេនាំគ្នាចោទថា សរសេរលក់ខ្លួន សរសេរលក់ក្បាល ឬសរសេរគ្មានវិជ្ជាជីវៈសរសេរគ្មាន ស្តង់ដាដូចបណ្ដាញព័ត៏មានធំៗ នៅលើពិភពលោកជាដើម។ ប៉ុន្តែបើអ្នកកាសែតណាសរសេរវាយប្រហាររដ្ឋាភិបាលវិញ ទោះជាប្រើសំដីអសីលធម៌ ជេរប្រមាថយ៉ាងណា គេបានត្រឹមនិយាយថា ជាអ្នកកាសែតប្រឆាំង ឬអ្នកកាសែតហ៊ានសរសេរ ហ៊ាននិយាយ ដោយមិនបានចាត់ទុកថា សរសេរខ្វះវិជ្ជាជីវៈ ឬសរសេរគ្មានសីលធម៌នោះទេ។
បច្ចុប្បន្ននេះអ្នកកាសែតដែលសរសេរកណ្ដាល ឬសរសេររៀងលំអៀងបន្តិចបន្តួចតែងតែរងនូវការប្រមាថ និងមើលងាយពីក្រុមអ្នកនយោបាយប្រឆាំង រហូតដល់ពួកគេរើសអើងមិននិយាយរក មិនផ្ដល់ព័ត៌មានឲ្យជាដើម។ ប៉ុន្តែបើអ្នកកាសែតណាផ្សាយព័ត៌មានលំអៀងទៅរកបក្សប្រឆាំងវិញ គេតែងតែលើកឡើងថា កាសែតនឹង វិទ្យុនឹង អ្នកព័ត៌មាននឹងសរសេរត្រូវហ៊ាននិយាយ ផ្សាយមិនលំអៀង ឯករាជ្យជាដើម។
បច្ចុប្បន្នសូម្បីតែវិទ្យុដែលផ្សាយជាខេមរៈភាសាស៊ីប្រាក់ខែអាមេរិកខ្លះ ដែលគេស្ដាប់ទៅគឺផ្សាយលំអៀងទៅរកបក្សប្រឆាំងទាំងដុលវិញ ត្រូវបានពួកគេនិយាយ លើកជើងថា ផ្សាយមិនលំអៀង ផ្សាយត្រូវព័ត៌មានដែលផ្សាយចេញមកត្រូវតែជឿ ព្រោះជាវិទ្យុរបស់ប្រទេសមហាអំណាចជាដើម ដោយមួយម៉ាត់ណាក៏ពួកគេថា បរទេសល្អជាងខ្មែរ ល្អជាងអ្នកនៅក្នុងប្រទេសដែរ។
ម្សិលមិញមើលព័ត៌មាន ស្រាប់តែឃើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិកថ្លែងវាយប្រហារខ្លាំងៗ និងធ្ងន់ៗលើទូរទស្សន៏ CNN ដ៏ល្បីរបស់អាមេរិក និងកាសែត New York Time ដែលគេចាត់ទុកថា សុទ្ធតែជាកំពូលបិតាព័ត៌មានកំរិតស្តង់ដាពិភពលោក ទាំងព័ត៌មានទាំងធនធានផ្សាយ លំអៀងទៅរកលោកស្រី ហ៊ីឡារីគ្លីនតុនបេក្ខជនធ្លាក់ឆ្នោត។ ក្នុងនោះលោក ដូណាល់ ត្រាំ ប្រៀបប្រដូច CNN ទៅនឹងបណ្ដាញព័ត៌មានឃោសនាឲ្យគ្លីនតុន (Clinton News Network) និងកាសែត New York Time ប្រៀបប្រដូចទៅនឹងអ្នកតាមឈ្នានីស គឺផ្សាយតែអាក្រក់ពីលោក។
តាមពិតទៅនៅលើលោកយើងនេះ គ្មានទេប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយឯករាជ្យ គឺមានតែបណ្ដាញព័ត៏មានដែលផ្សាយលំអៀងតិច និងផ្សាយលំអៀងខ្លាំងប៉ុណ្ណោះ។ ដូច្នេះសូមបញ្ចប់នូវពាក្យចោទថា អ្នកកាសែតសរសេរលក់ខ្លួន សរសេរលក់ក្បាលទៀតទៅ ព្រោះសូម្បីតែនៅសហរដ្ឋអាមេរិកដែលគេចាត់ទុកថា ជាឪប្រជាធិបតេយ្យ ជាបិតាកាសែតទៅហើយនោះ នៅពួកគេចោទដាក់គ្នាថា អានេះសរសេរលំអៀងទៅរកអ្នកនោះ អានោះសរសេរលំអៀងទៅរកអ្នកនេះ...៕