កម្លាំងនគរបាលខេត្តស្ទឹងត្រែង បង្ក្រាបមេជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំជិត១គីឡូក្រាម
22-11-2016 11:44
(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀនម្នាក់ ដោយដកហូតថ្នាំ១កញ្ចប់ធំ ស្មើជិត១គីឡូក្រាម។ ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោកបានចាប់ខ្លួនជនសង្ស័យរូបនេះ កាលពីម្សិលមិញ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ខេត្តស្ទឹងត្រែង។ ជនសង្ស័យមានឈ្មោះ ឡេង តាក់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិញាំងស៊ុធំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រោយបញ្ចប់ការបង្ហាញមុខជនសង្ស័យ នឹងត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕