(ភ្នំពេញ)៖ នៅម៉ោងនេះសមត្ថកិច្ចចម្រុះដឹកនាំដោយ លោកព្រះរាជអាជ្ញារង ហឹង ប៊ុនថន កំពុងនាំគ្នាចុះទៅអនុវត្តដីកានាំមនុស្ស (ជនរងគ្រោះ) ចេញពីផ្ទះ ដោយយោងទៅតាមបណ្ដឹងស្នើសុំរបស់ប្រពន្ធ និងកូនជនរងគ្រោះ តែត្រូវបានភាគីម្ចាស់ផ្ទះដែលជាម្ដាយ និងបងប្អូនជនរងគ្រោះធ្វើការរារាំងមិនអោយយកមនុស្ស ចេញដោយសំអាងថាទុកអោយនៅទីនេះ (ផ្ទះម្ដាយ និងបងប្អូន) ដើម្បីព្យាបាលជម្ងឺ។
រហូតមកដល់ម៉ោង១១និង២០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការអនុវត្តដីកានាំមនុស្សចេញពីផ្ទះ ដែលមានទីតាំងនៅផ្ទះ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខាងលើនេះនៅមិនទាន់ ទទួលបានជោគជ័យនៅឡើយទេ តែសមត្ថកិច្ចចម្រុះកំពុងអនុវត្តតាមនីតិវិធី។
តាមព័ត៌មានបានអោយដឹងថាជនរងគ្រោះដែលមានប្រពន្ធ និងកូនគឺមានទីលំនៅកន្លែងផ្សេង តែដោយសារជនរងគ្រោះមានជម្ងឺប្រចាំកាយ ម្ដាយបង្កើត និងបងប្អូនក៏ទៅសុំយកជនរងគ្រោះពីប្រពន្ធ និងកូនយកមកលេង
នៅផ្ទះកន្លែងអនុវត្តដីកាដែលជាផ្ទះរបស់ម្ដាយ និងបងប្អូន តែតាំងពីយកមកដែលមានរយៈពេលយូរមកហើយនោះប្រពន្ធ និងកូនក៏ទៅទទួលយកមកផ្ទះវិញ ស្រាប់តែម្ដាយ និងបងប្អូនជនរងគ្រោះមិនព្រមអោយយកទៅដោយសំអាង ថាទុកនៅព្យាបាល ដោយចោទប្រពន្ធ និងកូនហាក់មិនយកចិត្តទុកដាក់ព្យាបាលប្ដី និងឪពុករបស់ខ្លួន។
ដោយការមិនចុះសំរ៉ុងគ្នា ប្រពន្ធ និងកូនក៏ប្ដឹងទៅតុលាការដើម្បីទាមទារយកប្ដី និងឪពុករបស់ខ្លួនទៅផ្ទះវិញតែម្ដងទៅ តែរឿងរ៉ាវនៅពីក្រោយខ្នងយ៉ាងណានោះគេ នៅមិនទាន់ដឹងនៅឡើយទេ។ រឿងរ៉ាវ និងព័ត៏មានលំអិតយ៉ាងណានោះfresh news នឹងធ្វើការផ្សាយបន្តនៅពេលបានព័ត៌មាន ក្នុងដៃគ្រប់ជ្រុងជ្រោយ៕