(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងឲ្យដឹងថា «សន្តិភាព» មានទំនាស់នឹង «សង្គ្រាម» សន្តិភាព គឺជាភាវៈរបស់សង្គមដែលមិន ប្រើអំពើហិង្សា ដើម្បីដោះស្រាយវិវាទ។ «សង្គ្រាម»នាំទៅរកមហន្តរាយ... «សន្តិភាព» នាំមកនូវអភិវឌ្ឍន៍។ ចង់រស់នៅក្នុងសង្គមមួយដែលមានការអភិវឌ្ឍប្រកបដោយចីរភាព យើងទាំងអស់គ្នាត្រូវផ្តោតលើគោលដៅតែមួយគត់ គឺ ការរក្សា «សន្តិភាព»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ទៀតថា លក្ខណៈសម្បត្តិ៥យ៉ាង របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ៖
ទី១- មានសមត្ថភាព ប្រតិកម្មរហ័ស និងជាមជ្ឈមណ្ឌលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុង
ទី២- ត្រូវសម្រេចភារកិច្ចបានល្អតាមកម្រិត ដែលថ្នាក់ប្រគល់ឱ្យទោះស្ថិតក្នុកាលៈទេសៈណាក៏ដោយ
ទី៣- ត្រូវចេះចិញ្ចឹមទ័ពឱ្យបានល្អ
ទី៤- មានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី
ទី៥- មានទំនាក់ទំនងអន្តរជាតិបានល្អ។
លោក ប៉ុល សារឿន បានលើកឡើងបែបនេះ ខណៈលោកជួបសំណេះសំណាលនិងផ្តល់បទឧទ្ទេសនាមអំពីតម្លៃ នៃសន្តិភាពនិងការរក្សាសន្តិភាពរបស់ប្រទេសជាតិ និងអំពីលក្ខណៈសម្បត្តិ៥ យ៉ាងរបស់ មេបញ្ជាការ គ្រប់លំដាប់ថ្នាក់ក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយមានអ្នកចូលរួម ចំនួន៤២០នាក់ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃអង្គារទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕