(ពោធិ៍សាត់)៖ ប្តីប្រពន្ធ និងកូនមួយគ្រួសារ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កដោយរថយន្ត Toyota Tacoma ១គ្រឿង ដែលបានបើកបុកពីក្រោយ នៅចំណុចមុខផ្ទះហាងរ៉ុម ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ។ ជនរងគ្រោះមានឈ្មោះ ទី១.មឿន ម៉ៅ អាយុ២៩ឆ្នាំ ជាប្តី (រងរបួសស្រាល), ទី២.អៀង អិត អាយុ២៩ឆ្នាំ ជាប្រពន្ធ (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់) និងកូនស្រីម្នាកទៀត ឈ្មោះ ម៉ៅ លីតា អាយុ៦ខែ (របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ)។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះប្តីប្រពន្ធ និងកូន បានជិះម៉ូតូ Honda Dream ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1A-5998 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្ត១គ្រឿងម៉ាក Toyota Tacoma ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5608 បើកបរដោយឈ្មោះ រឿន មិនា អាយុ២៨ឆ្នាំ រស់នៅភូមិអូរពារ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើកក្នុងទិសដៅស្របទិសគ្នា បានបើកកៀរបុកពីក្រោយ បណ្តាលឲ្យប្តីប្រពន្ធ និងកូន ព្រាត់ប្រាស់ស្លាប់ និងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានយកវត្ថុតាង រថយន្ត និងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលតាលោ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕