(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានសាលាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ១០៦កន្លែង ក្នុងនោះសាលារបស់ក្រសួងការងារមាន ៣៩កន្លែង ដែលក្នុង១ឆ្នាំៗបានបណ្តុះបណ្តាលសិក្ខាកាមចំនួន ៨ម៉ឺននាក់ ហើយសាលាមួយចំនួន ត្រូវបានទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001-2008 ដែរ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា «ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ ក្រសួងការងារ បានផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់កម្រិត នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសរុបចំនួន ១០៦គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានសាធារណៈរបស់ក្រសួងការងារមានចំនួន ៣៩ ដែលក្នុង១ឆ្នាំៗ បានផ្តល់ការបណ្តុះបណ្តាលនូវវគ្គខ្លី មធ្យម និងវែង បានចំនួនសរុប ៨០,០០០នាក់។ វិទ្យាស្ថានចំនួន១២ របស់ក្រសួងការងារ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001-2008»។
លោករដ្ឋមន្រ្តីបន្តថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់នូវលក្ខខណ្ឌការងារ តាមរយៈគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា BFC ដែលបានចុះកិច្ចព្រមព្រៀងបន្តរហូតដល់ឆ្នាំ២០១៩ ការតម្លើងប្រាក់ឈ្នួលអប្បបរមា ធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងកម្រិតតំបន់ និងពិភពលោកកាន់តែខ្ពស់ជាងមុន។
លោកបន្ថែមថា «ក្រសួងការងារ ក៏បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងភាពប្រកួតប្រជែងរបស់ជាតិ តាមរយៈផែនការ ៣ចំណុច រួមមាន៖ ១.ការបង្កើនផលិតភាព តាមរយៈយុទ្ធនាការបង្កើនផលិតភាពការងារ, ២.ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ និង៣.ការបន្តអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារ»។
ក្រៅពីនេះ ក្រសួងការងារបាននឹងកំពុងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ក៏ដូចជាការចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយផ្តោតសំខាន់លើកម្មវិធីមួយចំនួន ដូចជា៖ ១.ការពង្រឹងគុណភាព និងការអនុវត្តក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា និងការឆ្លើយតបនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ២.ពង្រីកកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ភាពទាក់ទាញ នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការបង្កើនការចុះឈ្មោះចូលរៀន និងសមធម៌នៃការទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៣.ការពង្រឹងការងារគ្រប់គ្រង និងអភិបាលកិច្ចនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ៤.បន្តពង្រឹងភាពជាដៃគូ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល, ៥.ការរៀបចំគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
លើសពីនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ទៀតថា «តាមរយៈការអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក នឹងរួមចំណែកទាក់ទាញវិនិយោគមកកម្ពុជា ជំរុញការការអភិវឌ្ឍវិស័យឧស្សាហកម្ម ឲ្យឈានឡើងមួយកម្រិតទៀត ពោល គឺពីឧស្សាហកម្មកាត់ដេរតាមរបៀបអត្តពលកម្ម ទៅជាឧស្សាហកម្មមានកម្រិតជំនាញជាងមុន»។
សូមជម្រាបថា ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងពិធីពិសារអាហារ ក្នុងសណ្ឋាគារឡឺរូយ៉ាល់ភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងមានការចូលរួមពី លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក Bretton Sciaroni ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំកម្ពុជា៕