(ភ្នំពេញ)៖ យុវជនដែលជាជនល្មើសរឹត.ក សម្លាប់នារីវ័យក្មេងជាសង្សារ បុគ្គលិក «ក្លឹប៥៥» ត្រូវបាន លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះថា ជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ដែលជាឃាតកសម្លាប់នារីរងគ្រោះ ឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំជាបុគ្គលិក «ក្លឹប៥៥» ត្រូវបានលោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន នៅល្ងាចថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៦។
សូមជម្រាបថា បើតាមចម្លើយសារភាពរបស់ជនល្មើស ឈ្មោះ យ៉េន សុបញ្ញា បានបញ្ជាក់ថា រូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯង ពិតប្រាកដមែន នោះគឺដោយសារឥទ្ធិពលថ្នាំញៀន ទើបធ្វើឲ្យឃាតកចិត្តដាច់គ្មានមនោសញ្ចេតនា និងក្តីមេត្តានៅក្នុងខ្លួនដូច្នេះ។ ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំឃាតកទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុទៀតផង។
គួររំលឹកថា អ្នករើសអេតចាយមួយក្រុម បានប្រទះឃើញសាកសពមួយ ដែលត្រូវបានគេយកមកបោះចោល ក្នុងគំនរសំរាមដោយរុំក្រណាត់ជិត ឃើញតែជើង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រោយកើតឡើងហេតុការនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងចាប់បានឃាតកសម្លាប់ ស្ដ្រីម្នាក់ជាបុគ្គលិក «ក្លឹប៥៥» នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕