(ភ្នំពេញ)៖ ស្របពេលប្រទេសជប៉ុនបានប្រកាសអំពីការព្រមាននៃរលកយក្ស ស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រហ្វូគូស៊ីម៉ា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកំពុងស្ថិតនៅឯរដ្ឋសភា បានចូល Comment លើ Facebook របស់ Fresh News នៅក្នុងព័ត៌មាន និយាយអំពី៖ «ជប៉ុនប្រកាសពីការព្រមាននៃរលកយក្ស ស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា»។
ដោយសម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់ Fresh News យ៉ាងដូច្នេះថា៖ «រដ្ឋសភាយើងកំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ លើកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសជប៉ុន មានការរញ្ជួយផែនដី។ ចំណុចនេះចង្អុលបង្ហាញថា បញ្ហារបរិស្ថានជាបញ្ហាររួមរបស់ពិភពលោក»។
សូមជំរាបថា ទីភ្នាក់ងារឧតុនិយមជប៉ុន ក៏បានប្រកាសសញ្ញាអាសន្នផងដែរ ពីរលកយក្សស៊ូណាមិ ដែលអាចបង្ករជារលកសមុទ្រកម្ពស់៣ម៉ែត្រ នៅឯតំបន់ឆ្នេរ ហ្វូគូស៊ីម៉ា និងតំបន់ក្បែរខាងដ៏ទៃទៀត ស្ថិតនៅភាគឦសានប្រទេសជប៉ុន ខណៈតំបន់មួយចំនួនគ្មានអគ្គិសនីប្រើប្រាស់។
សូមជំរាបថា គ្រោះរញ្ជួយដីនេះដែលបង្កររំញ័រដល់ទីក្រុង តូក្យូ មានចំណុចរញ្ជួយនៅតាមបណ្ដាយឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា និងមានជំរៅ២៥គីឡូម៉ែត្រ ទៅក្នុងដី។ នេះបើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ដែលកំពុងឃ្លំាមើល រលកយក្សស៊ូណាមិ កម្ពស់៦០សង់ទីម៉េត្រ នៅឯតំបន់ឆ្នេរអូណាហាម៉ា នៃតំបន់ហ្វូគូស៊ីម៉ា ព្រមទំាងរលក យក្សស៊ូណាមិ កម្ពស់១.៤ ម៉ែត្រ នៅទីក្រុងសិនដៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លំាងនេះ៕