(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំងបានបង្ហាញវត្តមានលើកដំបូង នៅក្នុងកិច្ចប្រជុំសភាពេញអង្គ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វេីពហិកា មិនចូលប្រជុំអស់រយ:ពេល៦ខែមកនេះ។ ប៉ុន្តែទោះជាយ៉ាងណា លោក កឹម សុខា ប្រធានស្តីទី CNRP ពុំមានវត្តមាននៅក្នុងកិច្ចប្រជុំលើកនេះនៅឡើយទេ។
របៀបវារៈចំនួន៣ ដែលរដ្ឋសភា នឹងលើកទៅពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គនេះរួមមាន៖ ការពិភាក្សាលើច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់អង្គការសហប្រជាជាតិ, សេចក្តីព្រាងច្បាប់ទូទាត់ថវិកាឆ្នាំ២០១៥ និងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ និងរបៀបវារៈផ្សេងៗមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃនេះ គេឃេញមានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប និងសមាជិកមកពីគណបក្សសង្រោះជាតិ ៣៧រូប។
សូមជំរាបថា គណបក្សប្រឆាំងបានចាប់ផ្តើមធ្វើពហិកា មិនចូលប្រជុំពេញអង្គនៅក្នុងសភា ចាប់តាំពីខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះបន្ទាប់ពីសមត្ថកិច្ចតុលាការ ចាប់ផ្តើមអនុវត្តនីតិវិធីលើ លោក កឹម សុខា ចំពោះបទល្មើសមិនចូលខ្លួនធ្វើជាសាក្សី ក្នុងសំណុំរឿងសញ្ចារកម្មកន្លងមក៕