(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ក្រោមការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសពីអង្គការ UNODC និងអង្គារ Colombo Plan បានរៀបចំវគ្គបណ្តុះបណ្តាល នៃកម្មវិធីបណ្តុះបណ្តាល នៃការព្យាបាលជាសាកលស្តី ពីវិបត្តិបណ្តាលមកពីការប្រើសារធាតុញៀន។
វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ដែលមានការចូលរួមជាអធិបតីពី លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងតំណាងអង្គការ UNAIDS អង្គការ UNODC និងអង្គការ Colombo Plan។
វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលលើកទី១ នៅប្រទេសកម្ពុជា ដែលមានលក្ខណៈទូលំទូលាយ និងមានរយៈពេលវែង ដែលសរុបមាន៨ម៉ូឌុល ដែលចែកចេញជា៤វគ្គ ក្នុង១វគ្គ មានរយៈពេល១០ថ្ងៃ ក្នុងគោលបំណង អភិវឌ្ឍគ្រូបង្គោលជាតិ ដែលមានជំនាញ ក្នុងការព្យាបាលវិបត្តិ បណ្តាលមកពី ការប្រើប្រាស់សារធាតុញៀន ដែលក្នុងនោះមានសិក្ខាកាម ដែលជានឹងក្លាយទៅជាគ្រូបង្គោលជាតិចំនួន២២នាក់ (១៧នាក់មកពីអង្គភាពនានា នៃក្រសួងសុខាភិបាល និង៥នាក់មកពីសង្គមស៊ីវិល)។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា កន្លងមកក្រសួងសុខាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបណ្តុះបណ្តាល ជំនាញក្នុងការព្យាបាល អ្នកញៀនគ្រឿងញៀន និងបង្កើតសេវាព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ ប៉ុន្តែដោយសារ ការងារជានេះជំនាញមួយថ្មី ក្រសួងសុខាភិបាលទាមទារពេលវេលា ដើម្បីរៀបចំសេវាឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ លោកស្រីក៏បានគូសបញ្ជាក់ នូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១)គុណភាពនៃសេវាៈ ជំនាញមានកម្រិត សេវាមិនគ្រប់ជ្រុងជ្រាយ និងទូលំទូលាយ, ២) ការគ្របដណ្តប់នៃសេវាៈ មិនទាន់ទូលំទូលាយ និងនៅមានកម្រិត, ៣) ការម៉ាក់ងាយ និងការរើសអើងៈ មានកម្រិតខ្ពស់ចំពោះអ្នកញៀនគ្រឿងញៀន, ៤) ការអនុវត្តច្បាប់, ៥) ការយល់ដឹងរបស់អ្នកញៀនគ្រឿងញៀនៈ គ្រួសារ និងសហគមន៍មូលដ្ឋានស្តីពីការព្យាបាលភាពញៀនគ្រឿងញៀន នៅមានកម្រិត និង ៦) ការចូលរួមពីគ្រួសារ រដ្ឋអំណាច អ្នកអនុវត្តច្បាប់ៈ ទាមទារឱ្យមានយន្តការអប់រំ និងសម្របសម្រួលនៅមូលដ្ឋាន។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ក៏បានលើកឡើងនូវយុទ្ធសាស្រ្តទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុងនោះ យុទ្ធសាស្រ្ត នៃការកាត់បន្ថយតម្រូវការ ជាយុទ្ធសាស្រ្តចំបងមួយ ក្នុងបណ្តាយុទ្ធសាស្រ្តទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏បានលើកឡើងនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដែលនឹងចាប់អនុវត្ត ពីខែមករា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល នាពេលខាងមុខនេះ លោកស្រី ឱ វណ្ណឌីន បានធ្វើការណែនាំ ដល់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពាន នៃក្រសួងសុខាភិបាល ត្រូវរៀបចំសេចក្តីណែនាំ សម្រាប់ប្រតិបត្តិស្តីព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីធានាឱ្យបាន នូវការការផ្តល់សេវាព្យាបាល អ្នកញៀនគ្រឿងញៀននៅ តាមមូលដ្ឋានសុខាភិបាល ឱ្យមានប្រសិទ្ធភាព និងធ្វើការគ្រប់គ្រងសេវាព្យាបាល និងធនធានជំនាញនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល៕