(ភ្នំពេញ)៖ លោក ម៉ៅ គន្ធពិសី នាយកប្រតិបត្ដិនៃក្រុមហ៊ុន ម៉ៅ លីហ្គើស៊ី ឯ.ក (Mao Legacy) Co.,Ltd បានថ្លែងថា នៅចុងឆ្នាំ២០១៧ ខាងមុខកម្ពុជា នឹងនាំចេញស្វាយ គុណភាពស្ដង់ដារប្រមាណ១ម៉ឺនតោន ទៅកាន់សាធារណរដ្ឋកូរ៉េ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសចុះហត្ថលេខា លើកិច្ចសហប្រតិបត្ដិការវាងក្រុមហ៊ុន ម៉ៅ លីហ្គើស៊ី ឯ.ក (Mao Legacy) Co.,Ltd និង Hyundia Indochina PTE.,LTD នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីនាំផ្លែស្វាយ ទៅកាន់សាធារណរដ្ឋកូរ៉េ និងលើពិភពលោក ដែលជាបំណងប្រថ្នា របស់ក្រសួងកសិកម្មកម្ពុជា-កូរ៉េ ដែលបានចុះអនុស្សារណៈ (MOU) ជាមួយគ្នានាខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ។
លោកបានថ្លែងបន្ដថា «ជំហានដំបូង ដែលក្រុមហ៊ុនយើង សហការជាមួយនឹងក្រុមហ៊ុន Hyundia ដោយនាំស្វាយទៅកាន់បរទេស ដូចជាសាធារណរដ្ឋកូរ៉េជាដើម ចាប់ពី៦ពាន់តោន រហូតដល់ទៅ១ម៉ឺនតោន ទៅលើស្វាយ៤ប្រភេទ រួមមាន ស្វាយកែវរមៀត, ស្វាយប៉ម, ស្វាយកែវចិន, ស្វាយខុសរដូវ ហើយបើអាចមានប្រជាកសិករយើងមានដាំស្វាយហួន និងប្រភេទស្វាយធំៗ យើងនឹងនាំចេញផងដែរ»។
លោកបន្ថែមថា ដើម្បីទទួលបានស្វាយ ដែលមានគុណភាពល្អ នាំចេញទៅបរទេស ក្រុមហ៊ុនយើងទាំងពីរ បាននាំចូលម៉ាស៊ីន និងឧបករណ៍ ដែលជាបច្ចេកវិទ្យាចុងក្រោយ ពីប្រទេសជប៉ុន មកកម្ពុជា ដោយមានតួនាទីលាងសម្លាប់មេរោគ គឺពេលដែរយើងបេះពីដើម ហើយដាក់វាចូលម៉ាស៊ីន រយៈពេល៤ម៉ោង ដើម្បីលាងសម្អាត ហើយដាក់ក្លាសេវាឲ្យត្រជាក់ សម្រាប់នាំចេញទៅបទេស ដែលយើងដឹកតាមយន្ដហោះ ក្នុងការរក្សានូវគុណភាពឲ្យស្រស់។
លោកបន្ដថា «យើងនឹងផ្គត់ផ្គង់ឲ្យគ្រប់ ទៅតាមអ្វីដែលយើងបានកំណត់ ព្រោះក្រុមហ៊ុនយើងទាំងពីរ មានដីជាង៤០០ហិចតា ដែលមានដាំស្វាយស្រាប់នៅខេត្ដកំពង់ស្ពឺ ហើយយើងគ្រោងហ្នឹងថែម៥០០ ទៅ១០០០ហិចតានៅថ្ងៃខាងមុខ»។
លោកបន្ដថា លើសពីនោះ ក្រុមហ៊ុននឹងទិញស្វាយពីប្រជាកសិករយើង នៅតាមខេត្ដនីមួយៗ ក្នុងតម្លៃមួយដែលថ្លៃជាងនៅលើទីផ្សារទៅទៀត ក្នុងតម្លៃថេរ ព្រោះបន្ទាប់ពីចុះ MOU ជាមួយនឹងកូរ៉េ គេនឹងជួយយើងទាំងបច្ចេកទេស និងជួយរក្សាតម្លៃថេរ ដែលធ្វើឲ្យប្រជាកសិករខ្មែរយើង នឹងបន្ដដាំស្វាយ ដោយបច្ចេកទេសត្រឹមត្រូវ និងមិនប្រើជីគីមីនោះទេ ដោយឲ្យពួកគាត់ចេះជ្រើសរើស ជីសរីរាង្គណា ដែលមិនប៉ះពាល់គុណភាពស្វាយ ដើម្បីនាំចេញទៅបរទេសកាន់តែមានការកើនឡើង៕