(ភ្នំពេញ)៖ រថយន្តធុនធំមួយគ្រឿងដែលមានផ្ទុកឈើអារពេញ បានបើកឡើងស្ពានជ្រោយចង្វារថ្មី បណ្ដាលអោយដាច់កង់ក្រោយ បើកទៅមុខលែងរួច តែសំខាន់នៅគល់ស្ពានខាងកើត មានសន្តិសុខយាមពេញផ្លូវរឿងអីបណ្ដោយអោយរថយន្តធុនធំ បើកឡើងស្ពានបាន។
ករណីរថយន្តធុនធំដឹកឈើពេញ គេបណ្ដោយអោយបើកឡើងស្ពានបាន ខណៈស្ពានជ្រោយចង្វារ ត្រូវបានគេហាមរថយន្តធុនធំបើកឆ្លងកាត់ បើគ្មានករណីចាំបាច់នេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វារថ្មី។
សូមបញ្ជាក់ថាស្ពានជ្រោយចង្វារនេះ ទាំងថ្មី-ទាំងចាស់ មិនត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតអោយរថយន្តធុនធំបើកឆ្លងកាត់នោះឡើយ បើគ្មានករណីចាំបាច់ ដោយតម្រូវអោយរថយន្តធំ ទៅឆ្លងតាមស្ពានលីយ៉ុងផាត់វិញ។ ចំណែកនៅគល់ស្ពានជ្រោយចង្វារខាងកើត គេឃើញមានកំលាំងប្រជាការពារជាច្រើននាក់ និងសមត្ថកិច្ចផ្សេងៗទៀត ដាក់យាមការពារមិនអោយរថយន្តធំ បើកឆ្លងកាត់ផងដែរ តែរឿងអ្វីបែរជារថយន្តដឹកឈើពេញហៀទ្រង់ បើកឡើងស្ពានបានរហូតដល់ដាច់កង់ កណ្ដាលស្ពានបង្កការកកស្ទះបែបនេះទៅវិញ៕