(សៀមរាប)៖ នៅសណ្ឋាគារអប្សរាផាឡេសនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានបើកកិច្ចប្រជុំឧត្តមមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV SOM) លើកទី១២ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) ក្រោមការចូលរួមជាគណៈអធិបតីភាពពីលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា, លោក ថុងផានី សុវណ្ណភិត អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក ង្វៀង ថេហ្វឿង អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។
ក្នុងកិច្ចប្រជុំនេះ ឧត្តមមន្ត្រី និងប្រតិភូនៃប្រទេសទាំងបី បានពិនិត្យឡើងវិញនូវកិច្ចសហការរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបានពិភាក្សាអំពីដាក់ចេញនូវរបៀបវារៈរួមសម្រាប់កិច្ចប្រជុំកំពូល CLV DTA លើកទី ៩, ការរៀបចំអាជីវកម្ម ដើម្បីទាក់ទាញអ្នកវិនិយោ គិន, ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី៨ ព្រមទាំងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះ (JCC) លើកទី១០ ដែលបានធ្វើឡើងក្នុងប្រទេសឡាវ ចាប់តាំងពីឆ្នាំ២០១៤។
ពួកគេក៏បានពិភាក្សាលើការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសម្របសម្រួល និងជំរុញពាណិជ្ជកម្មសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍, ការចងក្រងរបាយការណ៍ពង្រាងស្តីពីផែនការសកម្មភាព ដើម្បីតភ្ជាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ឡាវ និង វៀតណាម រហូតដល់ឆ្នាំ២០៣០ ព្រមទាំងរបាយការណ៍ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូនៅក្នុងតំបន់ត្រីកោណ និងការចុះបញ្ជីនៃគម្រោងអទិភាពទាំង៥ ដែលបានស្នើឡើងដោយប្រទេសទាំងបី ដើម្បីដាក់ជូនកិច្ចប្រជុំកំពូល CLV លើកទី១០ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៨ ក្នុងប្រទេសវៀតណាម។
កិច្ចប្រជុំក៏បានធ្វើការរំលេចពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ជាពិសេសគឺប្រទេសជប៉ុន និងធនាគារអភិវឌ្ឍអាស៊ី (ADB) ចំពោះតំបន់ត្រីកោណនាពេលកន្លងមក និងវឌ្ឍនភាពនៃការកែប្រែផែនការមេស្តីពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៃប្រទេស CLV សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ឆ្នាំ ២០២០ ផងដែរ។
សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី (CLV SOM) ថ្ងៃនេះ នឹងត្រូវដាក់ជូននៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលចម្រុះលើកទី ១១ ដែលគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃស្អែក ក្រោមវត្តមានចូលរួមជាអធិបតីពីរដ្ឋមន្ត្រីនៃប្រទេសទាំងបី៕