(ភ្នំពេញ)៖ ក្រោយពីមានការលើកឡើង ដោយវាយប្រហារចំៗ ទៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំ ប្រចាំសហរដ្ឋអាមេរិក គឺស្ថានីយ៍ទូរទស្សន៍ CNN និង New York Times របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំថា ជាបណ្តាញសារព័ត៌មាន គ្លីនតុន និងសារព័ត៌មានទុច្ចរិតនោះ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «បើនៅអាមេរិកវាមានរឿងបែបនេះទៅហើយ តើប្រព័ន្ឋឃោសនាអាមេរិកដែលមាននៅកម្ពុជាអាចជឿទុកចិត្តបានឬទេ?»។
ជាមួយគ្នានេះនៅលើ Page Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានយក Link ព័ត៌មានរបស់ Fresh News ដែលបានផ្សព្វផ្សាយពីរឿងនេះ អមដោយ Link ព័ត៌មានជាភាសាអង់គ្លេសរបស់ សារព័ត៌មាន NDTV ទៅបង្ហោះផងដែរ។
សូមបញ្ជាក់ថា អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ កាលនៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោតធ្លាប់បានហៅស្ថានីយ៍ទូរទស្សន៍ CNN ថាជាបណ្ដាញសារព័ត៌មាន គ្លីនតុន (Clinton News Network) និងថែមទំាងបានចាត់ទុកថាកាសែត News York Times ជាសារព័ត៌មានទុច្ចរិត ដែលចេះតែសរសេរពីរឿងល្អៗឬគំាទ្រ លោកស្រី គ្លីនតុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន NDTV ដែលត្រូវបានដកស្រង់ឡើងវិញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែសីហា នៅរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើក ឡើងដូច្នេះថា «អ្នកមើល CNN ចុះ! វាគួរតែត្រូវបានហៅថាជាបណ្ដាញព័ត៌មាន គ្លីនតុន (Clinton News Network) ព្រោះថាពួកគេចូលចិត្តសរសេរតែពីរឿងល្អៗរបស់ ហ៊ីលឡារី គ្លីនតុន ខណៈ New York Times ក៏ដូចគ្នាដែលជាកាសែតទុច្ចរិតមិនស្មោះត្រង់ ដែលមានភាពលំអៀងពោលគឺថាចូលចិត្តសរសេរ អាក្រក់ពីខ្ញុំហើយបើទោះជារឿងនោះវិជ្ជមានក៏ដោយ ក៏ពួកគេនៅតែប្រើគ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណា ឱ្យរឿងនោះក្លាយទៅជារឿងអវិជ្ជមានដែរ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក៏ធ្លាប់និយាយបែបចំអកផងដែរថា កាសែត New York Times នឹងមិនអាចបន្តការងាររបស់ខ្លួន បានច្រើនជាងពីរឬទៅបីឆ្នាំ ខាងមុខទៀតទេ ត្បិតចំនួនអ្នកអានធ្លាក់ចុះ ហើយនឹងត្រូវ ក្ស័យធនថែមទៀត៕