(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលហ៊ុព័ទ្ធដោយរឿងអាស្រូវផ្លូវភេទស្អេកស្កាស់ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហោះនៅលើបណ្តាញសង្គម Facebook អំពីគំរោងថវិកាជាតិឆ្នាំ២០១៧ របស់ប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា រាជរដ្ឋាភិបាលបានស្នើរដ្ឋសភាអនុម័ត ឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ប្រហែលជាង ១ពាន់លានដុល្លារ ហើយខ្លួនលោកផ្ទាល់មិនយល់ច្បាស់ពីថវិកានេះលម្អិតនោះទេ ប៉ុន្តែយល់ឃើញថា ថវិកាជាតិនេះច្រើនសន្ធឹកសន្ធាប់ណាស់សម្រាប់រដ្ឋាភិបាល ថែមទាំងបាននិយាយថា ថវិកាទាំងអស់គឺប្រជាពលរដ្ឋខ្មែរជាម្ចាស់ មិនមែនជាថវិការបស់មេដឹកនាំណា ឬគណបក្សនយោបាយណានោះទេ។
ក្នុងនាមជានិស្សិតផ្នែកសេដ្ធកិច្ចមួយរូប ខ្ញុំយល់ឃើញថា សម្តីរបស់លោក កឹម សុខា ហាក់ខ្វះការយល់ដឹងដូចកង្កែបជាប់ក្នុងអណ្តូងយ៉ាងដូច្នេះដែរ ព្រោះប្រទេសនានា នៅលើសកលលោកដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យបានល្អ និងសេដ្ឋកិច្ចបានខ្ពស់ កម្ចីប្រាក់គឺជារឿងធម្មតា ព្រោះបើក្រឡេកមើលមហាអំណាចសេដ្ឋកិច្ចដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន និងប្រទេសធំៗជាច្រើនទៀត នៅលើសាកលលោកសុទ្ធសឹងតែជំពាក់បំណុលបរទេសទាំងអស់។
ចំពោះកម្ពុជាយើងវិញ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ប្រាក់កម្ចី ដែលរដ្ឋាភិបាលមានគម្រោងខ្ចី ១ពាន់លានដុល្លារនោះ គឺជាចំនួនតិចតួចមួយ បើប្រៀបធៀបទៅនឹង តំរូវការដ៍ច្រើនលើសលប់ផង ហើយបើធៀបជាមួយប្រទេសនានានៅលើពិភពលោក និងប្រទេសជិតខាង គឺកម្ពុជាមានលទ្ធភាពគួរតែខ្ចីច្រើន ជាងនេះ ហើយក៏អាចខ្ចីច្រើន ជាងនេះទៀតប្រសិនបើចាំបាច់។ សូមបញ្ជាក់ម្តងទៀតថា ដើម្បីអភិវឌ្ឍន៍ប្រទេសចាំបាច់ត្រូវការប្រាក់កម្ចី វាជារឿង ទូទៅរបស់ប្រទេសលើពិភពលោក។
ឧទាហរណ៍ជាក់ស្តែងដូចជា ប្រទេសជប៉ុនមានបំណុលជំពាក់បរទេសរហូតទៅដល់ ២៣៨ភាគរយនៃ GDP សហរដ្ឋអាមេរិក មានបំណុលរហូតទៅដល់ ១០៤ភាគរយនៃ GDP ប៉ុន្តែងាកមកកម្ពុជាវិញមានត្រឹមតែ ៣១ភាគរយនៃ GDP តែប៉ុណ្ណោះ។ ម៉្យាងវីញទៀត កម្ចីដែលរដ្ឋាភិបាល ហ៊ុន សែន គ្រោងនេះ គឺជាកម្ចីដើម្បីការកសាង និងអភិវឌ្ឌន៍ជាតិមិនមែនកម្ចីដើម្បីធ្វើសង្គ្រាមដូចសម័យរដ្ឋាភិបាល លន់ ណុល នោះទេ។ សូមលោក កឹម សុខា យល់ឲ្យច្បាស់ផង !
បើយោងតាមគេហទំព័រ Wikipedia បានឱ្យដឹងថា សហរដ្ឋអាមេរិក មានបំណុលរហូតទៅដល់ ១៩,៦៤៣ពាន់លានដុល្លារ ប្រទេសចិនមានប្រមាណ ១,៦៨០ពាន់លានដុល្លា ប្រទេសជប៉ុនមានប្រមាណ ២,៨៦១ពាន់លានដុល្លារ ប្រទសថៃមានប្រមាណ ១៣៦ពាន់លានដុល្លា ប្រទេសវៀតណាម មានប្រមាណ ៦៨ពាន់លានដុល្លារ ដូច្នេះបើប្រៀបធៀបមកប្រទេសកម្ពុជា ១ពាន់លានដុល្លា ពិតជាមិនច្រើនសន្ធឹកសន្ធាប់ដូចដែលបុគ្គល កឹម សុខា គិតនោះទេ។
សាធារណមតិ បានសម្តែងមតិជុំវិញសម្តីមិនយល់អីរបស់លោក កឹម សុខា ក្នុងនាមជាប្រធានស្តីទីគណបក្សនយោបាយមួយ និយាយអ្វីមិនច្បាស់លាស់ និងគ្មានប្រយោជន៍ ហើយបែរជាប្រឆាំងទៅ នឹងគំរោងកម្ចីដែលជាប្រយោជន៍របស់ប្រជាជន និងយុវជនកម្ពុជាបែបនេះទៅវិញ។
ចំពោះថវិកាដែលរដ្ឋាភិបាលខ្ចីមកគឺប្រាកដជារបស់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋទទួលផលពីការកសាង និងអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាល ដូចជាការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន ផ្លូវ ស្ពាន ថ្នល់ អភិវឌ្ឍលើវិស័យអប់រំ សាងសង់សាលារៀន បណ្តុះបណ្តាលគ្រូបង្រៀន និងវិស័យសុខាភិបាល សាងសង់មន្ទីពេទ្យ មណ្ឌលសុខភាព។ល។ ហើយថវិកាទាំងអស់នោះក៏មិនមែនជាកម្មសិទ្ធរបស់ថ្នាក់ដឹកនាំ និងជាកម្មសិទ្ធរបស់គណបក្សនយោបាយណាមួយនោះដែរ ព្រោះការចាត់ចែង ចំណាយប្រាក់របស់ជាតិត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ដែលមានសំឡេងគណបក្សប្រឆាំងនៅក្នុងសភានោះដែរ ប៉ុន្តែតំណាងរាស្ត្រគណក្សប្រឆាំងទេ ដែលកន្លងមកពហិការមិនចូលរួមប្រជុំសភា មិនបានបំពេញតួនាទីជាតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋខិតខំបោះឆ្នោតឲ្យ។
ក្នុងនាមជាប្រធានស្តីទីបក្សប្រឆាំងមួយរូប លោក កឹម សុខា មិនគួរគប្បីបង្ហោះព័ត៌មានដោយមិនយល់ច្បាស់បែបនេះនោះទេ ហើយប្រសិនបើពិតជាចង់បង្ហាញ ប្រជាពលរដ្ឋថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការប្រទេសជាតិពិតមែន សូមលោក កឹម សុខា ប្រាប់ថ្នាក់ក្រោមឱ្យចូលប្រជុំសភាឱ្យបានទៀតទាត់ និងគោរពច្បាប់ឱ្យបានជាប់លាប់ជាមុនសិនទៅ៕
ដោយ៖ និស្សិតសេដ្ឋកិច្ចមួយរូបកំពុងសិក្សានៅរាជធានីភ្នំពេញ!