(ភ្នំពេញ)៖ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការណែនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្ត សាលដីការបស់តុលាការកំពូល ក្នុងការបើកផ្លូវដើរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមានភាពងាយស្រួលធ្វើដំណើរ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាយកសាលាខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ជម្លោះដីធ្លីខាងលើនេះបានកើតឡើងតាំងពី ឆ្នាំ២០១១ ដោយប្រជាពលរដ្ឋមួយគ្រួសារបានចោទប្រកាន់ ទៅប្រជាពលរដ្ឋ ៣គ្រួសារទៀត ថាបានធ្វើផ្ទះរំលោភដីរបស់ខ្លួនចំនួន១,៥០ម៉ែត្រ រហូតប្តឹងផ្តល់គ្នាដល់តុលាការ។
លោក ខាំ សុផារី បានបញ្ជាក់ថា ចុះអនុវត្តសាលដីការបស់តុលាការកំពូលចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ២ ០១៦ ដើម្បីបើកផ្លូវដើរជូនប្រជាពលរដ្ឋនេះ គឺមិនមានការរាំស្ទះឡើយដោយសារម្ចាស់បំណុល និងកូនបំណុលបានជ្រួលជ្រាបអំពីច្បាប់បានច្រើន ដែលជាហេតុធ្វើឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមានភាពងាយស្រួលក្នុងការធ្វើការ។
ដូចនេះគណៈកម្មការចម្រុះ បានសម្រេចអនុវត្តតាមសាលដីការបស់តុលាការកំពូល ដោយឲ្យចុងចម្លើយឈ្មោះ រេះហោ លីម៉ាស់ ជាជនជាតិខ្មែរឥស្លាម និងឈ្មោះទីន សឹកគីរិន បើកផ្លូវដើរទំហំទទឹង១ម៉ែត្រកន្លះ ដែលមានបណ្ដោយចាប់ពីដីរបស់ឈ្មោះ ឯក ចំរើន រហូតដល់ផ្លូវជាតិលេខ៥។
លោក ខាំ សុផារី បានបញ្ជាក់ទៀតថា ដោយឡែកការអនុវត្ត បើកផ្លូវនេះ គឺធ្វើចាប់ពីក្រោយអាគារឃ្លាំងរបស់កូនបំណុល នៃការអនុវត្តរហូតមកដល់លំនៅដ្ឋាន ម្ចាស់បំណុល នៃការអនុវត្ត និងចំពោះផ្លូវដែលស្ថិតនៅក្នុងអាគារឃ្លាំងកូនបំណុលបានសន្យារុះរើពង្រីកឲ្យគ្រប់១ម៉ែត្រកន្លះ ក្នុងរយះពេល៣ខែ ហើយចំពោះដំបូលរុះរើក្នុងរយះពេល២ខែ បន្ទាប់ពីការរុះរើពង្រីបើកផ្លូវដោយគិតពីថ្ងៃអនុវត្តនេះតទៅផងដែរ ពោលមានរយះពេល៥ខែតទៅមុខ កូនបំណុលត្រូវអនុវត្តទាំងបើកផ្លូវដើរ និងរុះរើដំបូលឲ្យអស់តាមកិច្ចសន្យាដែលបានព្រោងព្រាង បើក្នុងករណីមិនអនុវត្តតាមការសន្យាខាងលើនេះទេ កូនបំណុលសុខចិត្តឲ្យគណៈកម្មការអនុវត្តតាមច្បាប់ដោយមិនមានការតវ៉ាអ្វីឡើយ៕